(ដាម៉ាស់)៖ សំឡេងផ្ទុះដ៏សម្បើមមួយបានកើតឡើងនៅក្បែរទីក្រុងដាម៉ាស់ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ ហើយដែលការផ្ទុះនេះ​ត្រូវបានយោធាស៊ីរីអះអាងថាគឺជាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ប្រឆាំងនឹងឃ្លាំងអាវុធមួយកន្លែង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមយោធាស៊ីរី ឃ្លាំងអាវុធខាងលើត្រូវបានបំផ្លាញ ហើយទាហាន៣នាក់រងរបួស។ ចំណែកឯ មីស៊ីលភាគច្រើនដែលបាន​បាញ់​​​តម្រង់មកកាន់ឃ្លាំងអាវុធនេះត្រូវបានស្ទាប់ចាប់ និងបំផ្លាញទាន់ពេលវេលា។ ប៉ុន្តែ ខាងយោធាអ៊ីស្រាអែលមិនបានទទួល​ស្គាល់ចំពោះ​ការវាយប្រហារតាមផ្លូវអាកាសនេះទេ ដោយគ្រាន់តែបញ្ជាក់ថាប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួនបានបាញ់​ទម្លាក់មីស៊ីលមួយគ្រាប់បាញ់ចេញពីទឹកដីស៊ីរីមកកាន់អ៊ីស្រាអែល។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលស៊ីរីចោទប្រកាន់ថាអ៊ីសា្រអែលបើកការវាយប្រហារតាមផ្លូវអាកាសរបៀបនេះ
ពោលគឺកាលពីខែឧសភាកន្លងទៅ យោធាអ៊ីស្រាអែលក៏ធ្លាប់ត្រូវបានគេរាយការណ៍ផងដែរថាបានវាយប្រហារលើហេដ្ឋារចនា​សម្ព័ន្ធយោធារបស់អ៊ីរ៉ង់ជាច្រើន​នៅលើទឹកដីស៊ីរី។ ប៉ុន្តែគួរឱ្យកត់សម្គាល់ ព័ត៌មានពីការវាយប្រហារតាមផ្លូវអាកាស​នេះកើតមាន​ឡើង​តែជាងមួយសប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដកកងទ័ពចេញពីស៊ីរី៕