(អង់ការ៉ា)៖ សេចក្តីប្រកាសជាថ្មីរបស់ប្រទេសតួកគីនោះ គឺទីក្រុងអង់ការ៉ាគ្មានថ្ងៃបោះចោលកិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 ដ៏មានអានុភាពតម្លៃរាប់ពាន់លានដុល្លារ ជាមួយនឹងប្រទេសរុស្ស៊ីនោះឡើយ ហើយក៏គ្មានសំនួរអ្វីត្រូវចោទសួរអំពីការបញ្ជាទិញដោយជិតសម្រេចលទ្ធផលចុងក្រោយទៅហើយនោះដែរ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) នៅក្នុងសន្និសីទសារព័ត៌មានមួយនារដ្ឋធានីអង់ការ៉ា ខណៈពាក្យចចាអារ៉ាមជាច្រើននៅតែលេចធ្លាយ ដោយសារតែតួកគីកំពុងព្យាយាមដើរនយោបាយជើងមួយជាន់ទូកពីរ នោះគឺទិញសព្វាវុធពីទីក្រុងវ៉ាស៊ីនតោនផង និងទីក្រុងម៉ូស្គូផង ហើយអ្នកវិភាគមួយចំនួននៅតែយល់ឃើញថា វាមិនអាចទៅរួចឡើយ ដោយចុងក្រោយតួកគីត្រូវតែបោះចោលមួយយ៉ាងដាច់ខាត។
រំលឹកទៅកាលពីសប្តាហ៍មុននេះ តួកគីទើបតែសម្រេចទិញប្រព័ន្ធការពារមីស៊ីលអាមេរិក Patriot ដ៏មានឥទ្ធិពលក្នុងតម្លៃរាប់ពាន់លានដុល្លារដូចគ្នា ដែលធ្វើឲ្យមានសំនួរចោទសួរកាន់តែច្រើនថា តើតួកគីពិតជាត្រូវលុបកិច្ចសន្យាទិញ S-400 ពីរុស្ស៊ីមែនឬទេ? ជុំវិញសំនួរដ៏រសើបនេះហើយ ទើបរដ្ឋមន្ត្រីការបរទេសលោក Cavusoglu និងរដ្ឋមន្ត្រីការពារជាតិតួកគីមួយរូបទៀតផងដែរ គឺលោក ហ៊ូលូស៊ី អាខារ (Hulusi Akar) បានចេះមុខបកស្រាយជុំវិញរឿងនេះ ដោយមិនត្រឹមតែទៅលើការប្តេជ្ញារក្សាកិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីប៉ុណ្ណោះទេ តែរដ្ឋាភិបាលតួកគីក៏បានទាត់ចោលពាក្យចចាអារ៉ាមួយផ្សេងទៀតដែលបានអះអាងថា តួកគីបានលួចស្នើជាសម្ងាត់ឲ្យមន្ត្រីជំនាញអាមេរិក ធ្វើការសិក្សា ឬត្រួតពិនិត្យប្រព័ន្ធបច្ចេកទេសនៃ S-400 ដែលក្បត់នឹងកិច្ចព្រមព្រៀងជាមួយរុស្ស៊ីនោះ៕