(បាកដាដ)៖ អ្នកវិភាគនយោបាយ និងជាអ្នកជំនាញផ្នែកយុទ្ធសាស្រ្តជនជាតិអ៊ីរ៉ាក់ លោក អាម៉េដ អាល់ហ្សារីហ្វ (Ahmed al-Sharifi) បានឲ្យដឹងថា ការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី គឺជាយុទ្ធសាស្រ្តមួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្លាស់មកកាន់ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ទាក់ទិននឹងបញ្ហានេះ មេបញ្ជាការយោធាអ៊ីរ៉ាក់លោក អាប់ឌែល ការីម ខាឡាហ្វ (Abdel Karim Khalaf) បាននិយាយថា នៅពុំទាន់មានការបញ្ជាក់ផ្លូវការណាមួយថា កងទ័ពអាមេរិកនឹងត្រូវផ្លាស់ទីមកកាន់ប្រទេសអ៊ីរ៉ាក់នៅឡើយទេ។ ថ្មីៗនេះប្រធានាធិបតីអ៊ីរ៉ាក់លោក បារហាម សាលីហ៍ (Barham Salih) ក៏បានបង្ហាញក្តីសង្ឃឹមក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ផងដែរថា ការដកកងទ័ពអាមេរិកចេញពីស៊ីរី នឹងចូលរួមចំណែកក្នុងការដោះស្រាយជម្លោះ ហើយនឹងពុំបង្កឲ្យមានការផ្ទុះអំពើហិង្សាថ្មីណាមួយឡើយ។
គួរជម្រាបថា កាលពីសប្តាហ៍មុនទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទ័ពរបស់ខ្លួនចេញពីស៊ីរីហើយ ដោយលោក ដូណាល់ ត្រាំ បានលើកឡើងថា «ពីព្រោះការកម្ចាត់ក្រុមភេរវករ ISIS គឺជាគោលដៅចម្បងនៃវត្តមានយោធាអាមេរិកនៅស៊ីរី ឥឡូវនេះកងទ័ពអាមេរិកគួរតែវិលត្រឡប់មកវិញ» ខណៈដែលក្រុមភេរវករនេះ ត្រូវបានបោសសម្អាតហើយនោះ។ យ៉ាងណាមិញ សេតវិមានបានគូសបញ្ជាក់ថា វាមិនមែនមានន័យថាជាចុងបញ្ចប់នៃកិច្ចប្រឹងប្រែងរបស់ក្រុមយោធាចម្រុះអន្តរជាតិដែលដឹកនាំដោយអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងក្រុម ISIS ឡើយ៕