(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង​នៅថ្ងៃពុធនេះបានធ្វើពិធីបើក​ការដ្ឋានសាងសង់មួយ​ដើម្បីអភិវឌ្ឍន៍ និងតភ្ជាប់ផ្លូវដែក ក៏ដូចជាផ្លូវថ្នល់​ឆ្លងកាត់ព្រំដែនរវាង​ប្រទេស​ទាំងពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មាន​ចិន​ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមក្រសួង​បង្រួបបង្រួម​ជាតិកូរ៉េខាងត្បូង ពិធីខាងលើ​បានចាប់ផ្ដើមធ្វើឡើង​នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅ​ក្នុងតំបន់) តាមការគ្រោង​ទុកនៅឯស្ថានីយ ផាន់ម៉ុន (Panmun) នៃទីក្រុង កែសុង (Kaesong) ស្ថិតនៅក្នុង​ព្រំដែនប្រទេស​កូរ៉េខាងជើង ដោយមានការ ចូលរួមពីមន្ត្រី​ជាន់ខ្ពស់កូរ៉េទាំងពីរ​ប្រមាណ ១០០នាក់។ ក្រសួងមួយនេះបានបន្ថែមទៀតថា ពិធីបើក​ការដ្ឋាន​សាងសង់នឹងត្រូវប្រព្រឹត្ត​ទៅ ក្រោម​ការថ្លែងសុន្ទរកថា​រវាងអ្នកតំណាងមកពី​ប្រទេសទាំងពីរ ការចុះហត្ថលេខា​លើបន្ទះ​ឈើ ការតភ្ជាប់ផ្លូវ និងការលើក​ផ្លាកសញ្ញា​នៅ​ស្ថានីយ Panmun ជាដើម។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង​បានព្រមព្រៀងគ្នា​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​​ដើម្បីអភិវឌ្ឍន៍ និងតភ្ជាប់ផ្លូវដែក ក៏ដូចជាផ្លូវថ្នល់​ឆ្លងកាត់ព្រំដែនរវាងប្រទេស​ទាំងពីរកាលពី​ខែកញ្ញា​ កន្លងទៅ ក្នុងឱកាសនៃកិច្ចប្រជុំ​កំពូលអន្តរកូរ៉េ​រវាងលោក មូន ជែអ៊ីន និង​លោក គីម ជុងអ៊ុន ឱ្យបានមុនដំណាច់​ឆ្នាំ២០១៨ នេះ៕