(ហ្សាការតា)៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី​​នៅថ្ងៃពុធនេះ​ បានចេញការប្រកាស​មួយឲ្យប្រជាជន​មាន​ការ​ប្រុងប្រយ័ត្នបំផុត​​នៅតំបន់ក្បែររដ្ឋធានីហ្សាការតា ដែលទើបតែរងគ្រោះ​ដោយសារ​រលកយក្សស៊ូណាមិផ្តាច់ជីវិតមនុស្សជិត ៤៣០នាក់ ខណៈ​អាកាសធាតុ​នឹងប្រែទៅ​ជាអាក្រក់ និងរលកសមុទ្រមានកម្ពស់ខ្ពស់ៗជាដើម។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។

ស្ថានការណ៍​បច្ចុប្បន្ននៅតែស្ថិតនៅក្នុងភាព​ផុយស្រួយ ដោយសារតែ​​ភ្នំភ្លើង​អាណាក់ ក្រាកាតូ (Anak Krakatau) នៅតែបញ្ចេញ​កម្អែរផេះយ៉ាងកញ្ជ្រោល ទើប​អាជ្ញាធរ​​ឥណ្ឌូណេស៊ី​​ចេញសេចក្តីព្រមានថា វានឹងអាចផ្ទុះ​​ជាថ្មីបង្កជាគ្រោះរញ្ជួយដី និងរលក​យក្ស​ស៊ូណាមិ​បន្ថែម​ទៀត។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​​ក៏បានណែនាំ​ឲ្យប្រជាជន​ដែល​កំពុង​ស្នាក់នៅជម្រក​បណ្តោះអាសន្ននោះ បន្តស្នាក់នៅ​កន្លែងដដែល​​ដើម្បី​បង្ការគ្រោះមហន្តរាយ ណាមួយដោយ​ឥតព្រាងទុក។

គួរបញ្ជាក់ថា ភ្នំភ្លើងដែល​​បង្កគ្រោះមហន្តរាយ​ចាប់តាំងពីចុង​សប្តាហ៍មុនមកនេះ គឺ​ស្ថិត​ក្នុងដែនសមុទ្រចន្លោះកោះជ្វា (ទីតាំង​របស់​រដ្ឋធានីហ្សាការតា) និងកោះ​ស៊ូម៉ាត្រា ដោយវា​បានផ្ទុះឡើងកាលយប់​ថ្ងៃសៅរ៍ និងបង្កជា​រលកយក្សស៊ូណាមិ​កម្ពស់ ៥ម៉ែត្រ ផ្តាច់យក​ជីវិតមនុស្ស ៤២៩នាក់ (តួលេខកាលពីថ្ងៃអង្គារម្សិលមិញ) និងជាង ១,៤០០នាក់​រងរបួស ខណៈ​ចំនួន​មនុស្សបាត់ខ្លួន​រហូតមកទល់ពេលនេះគឺ ១៥៩នាក់។​

បន្ថែមពី​ខាងលើនេះទៀតថា អាជ្ញាធរឥណ្ឌូណេស៊ី​​បានណែនាំឲ្យប្រជាជន​ទាំងអស់ ស្នាក់នៅឲ្យ​ឆ្ងាយពីកន្លែងទើបរងគ្រោះ​ដោយរលកយក្សស៊ូណាមិ យ៉ាងហោចណាស់ក៏​ ០២គីឡូម៉ែត្រដែរ។ ដោយឡែករលកយក្សស៊ូណាមិ ដែលកកើតឡើង​ដោយសារ​ការផ្ទុះភ្នំ​ភ្លើង​ខាងលើ​នេះដូចគ្នា​បាន​សម្លាប់មនុស្ស​រហូតដល់ ៣៦,០០០នាក់ កាលពី​ឆ្នាំ១៨៨៣៕