(បាកដាដ)៖ នៅក្នុងដំណើរទស្សនកិច្ចលឿនដូចផ្លេកបន្ទោរ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកជំទាវទីមួយ មេឡានៀ ក្នុងប្រទេសអ៊ីរ៉ាក់នោះ ការប្រកាសជាថ្មីអំពីការដកទ័ពចេញពីទឹកដីស៊ីរី គឺមិនមែនជារឿងថ្មីអ្វីឡើយ ប៉ុន្តែការថ្លែងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺអតីតមហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់អាមេរិករូបនេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការដើរតួ ជាប៉ូលិសរបស់អន្តរជាតិហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ចេញពីទីភ្នាក់ងារ AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ និងភរិយាបណ្តូលចិត្ត ក្រោយពីបញ្ចប់ការជួបជុំគ្រួសារក្នុងថ្ងៃបុណ្យណូអ៊ែលនោះ លោកបានធ្វើដំណើរមកដល់ប្រទេសអ៊ីរ៉ាក់ដោយសម្ងាត់ និងភ្ញាក់ផ្អើលបំផុតនៅវេលាម៉ោង ៧៖១៦នាទីយប់ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ (ម៉ោងនៅក្នុងទីក្រុងបាកដាដ) ដោយយន្តហោះពិសេសរបស់លោកបានចុះចតនៅឯមូលដ្ឋានទ័ពអាកាស អាល់ អាសេដ (Al Asad) នៃភាគខាងលិចទឹកដីអ៊ីរ៉ាក់។
មេដឹកនាំពិភពលោក ដែលគិតតែប្រយោជន៍ជាតិខ្លួនជាធំរូបនេះបានបញ្ជាក់នាឱកាសនោះថា «វាមិនយុត្តិធម៌នោះឡើយ នៅពេលបន្ទុកទាំងអស់ធ្លាក់មកលើយើង។ យើងមិនចង់ទទួលយកប្រយោជន៍អ្វីទៀតឡើយ ពីបណ្តាប្រទេសដែលប្រើប្រាស់យើង និងយោធាដ៏ប្រពៃរបស់យើងដើម្បីការពារពួកគេ ប៉ុន្តែពួកគេមិនបានចេញថ្លៃសេវាដែលពួកគេសមត្រូវតែចេញនោះឡើយ...។ យើងបានបង្កើនការជួយនៅជុំវិញពិភពលោក ទៅកាន់បណ្តាប្រទេសដែលមនុស្សភាគច្រើនមិនបានយល់ដឹង... តាមពិតទៅវាគួរឲ្យអស់សំណើចខ្លាំងណាស់...។ អ្នកគ្មានពេលទៀតទេ... អ្នកបានចំណាយពេលគ្រប់គ្រាន់ហើយ...»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានចំណាយពេលត្រឹមតែ ០៣ម៉ោងក្នុងការសំណេះសំណាលជាមួយកងទ័ពអាមេរិក ហើយបានបន្តដំណើរទៅសួរសុខទុក្ខកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់។ ម្យ៉ាងវិញទៀត បើតាមការគ្រោងលោកត្រូវជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាប់ឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) ប៉ុន្តែនៅចុងបញ្ចប់មេដឹកនាំទាំងពីរ បានត្រឹមជជែកគ្នាតាមទូរស័ព្ទប៉ុណ្ណោះ៕