(ការ៉ាកាស់)៖ អតីតមន្ត្រីយោធាវេណេស៊ុយអេឡា ០៩នាក់ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារពី ០៥ឆ្នាំ ដល់ ០៨ឆ្នាំ ពីបទមានជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការ ផ្ដួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ កាលពីជាង ០៥ឆ្នាំមុន បន្ទាប់ពីតុលាការច្រានចោលបណ្ដឹងឧទ្ធរណ៍របស់ពួកគេ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងការ៉ាកាស់ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
សេចក្ដីថ្លែងការណ៍ខាងលើដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «អតីតមន្ត្រីយោធាទាំង ០៩នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥ឆ្នាំ ដល់ ០៨ឆ្នាំ ពីបទមានជាប់ពាក់ព័ន្ធនឹងការរៀបំផែនការឧទ្ទាម និងបង្កអសេ្ថរភាពដែលគេស្គាល់ថា Operation Jericho ប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា កាលពីឆ្នាំ២០១៤»។
គួរបញ្ជាក់ថា អតីតមន្ត្រីយោធាទាំង ០៩នាក់ខាងលើ ក៏ត្រូវបានគេចោទប្រកាន់ផងដែរថា មានទំនាក់ទំនងជាមួយអ្នកនយោបាយប្រឆាំង និងជាមួយសហរដ្ឋអាមេរិក ហើយអ្នកទាំងនេះក្នុងនោះមានទាំងឧត្ដមសេនីយលោក អូស្វាល់ដូ ហឺណាន់ដែស (Oswaldo Hernandez) ដែលត្រូវបានចាប់ខ្លួនក្នុងចំណោមយោធា ៣០នាក់ ក្រោមបទសង្ស័យថាមានទាក់ទិនប្រតិបត្តិការ ជែរីចូ (Operation Jericho) នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៤៕