(ប៉ារីស)៖ មេដឹកនាំក្រុមបាតុករអាវកាក់ពណ៌លឿងលោក គ្រីស្តូប ឆាឡិនខុន (Christophe Chalençon) បានព្រមានជាថ្មីម្ដងទៀតថា សង្រ្គាមស៊ីវិលនឹងផ្ទុះឡើងនៅខែមករា ឆ្នាំ២០១៩ ហើយថែមទាំងបានអំពាវនាវឱ្យយោធាបារាំងធ្វើអន្តរាគមន៍ទៀតផង ខណៈក្រុមបាតុករមួយចំនួនធំហាក់ដូចជាបានទទួលយក ការធ្វើសម្បទានរបស់លោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
លោក Christophe Chalençon ធ្វើការកត់សម្គាល់បែបនេះ នៅលើវីដេអូមួយដែលត្រុវបានបង្ហោះលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅ។ លោក Chalençon បានលើកឡើងយ៉ាងដូច្នេះថា «មធ្យោបាយតែមួយគត់ នោះគឺការបង្កើតរដ្ឋាភិបាលអន្តរកាលមួយ ដែលអាចស្ដាប់ និងយល់ពីអ្វីដែលប្រជាជនបារាំងចង់បាន... ប៉ុន្តែគួរតែយល់ច្បាស់ថា នៅដើមខែមករា ឆ្នាំ២០១៩ សង្រ្គាមស៊ីវិលអាចនឹងផ្ទុះឡើងដោយចៀសមិនរួច បើសិនជាសមាជិកយើងណាម្នាក់ ត្រូវគេបាញ់ប្រហារដោយគ្រាប់កាំភ្លើង។ លើសពីនេះទៅទៀត ខ្ញុំក៏អំពាវនាវផងដែរឱ្យយោធាចូលរួមក្នុងល្បែងមួយនេះ ដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាលមួយឡើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ក្រុមបាតុករអាវកាក់ពណ៌លឿងបាននាំគ្នាធ្វើបាតុកម្មតវ៉ាជាលើកទី ៦ របស់ពួកគេប្រឆំាងនឹងគោលនយោបាយរបស់លោក ម៉ាក្រុង។ ប៉ុន្តែសន្ទុះនៃបាតុកម្មតវ៉ានេះ ត្រូវបានគេមើលឃើញមានសភាពថមថយ ក្រោយរដ្ឋាភិបាលលោក ម៉ាក្រុង យល់ផ្ដល់សម្បទានដល់ក្រុមបាតុករ ដែលអាចឲ្យអ្នកវិភាគមើលឃើញថា បាតុករភាគច្រើនបានយល់ព្រមទទួលយកអ្វីៗ ដែលរដ្ឋាភិបាល ម៉ាក្រុង សម្រេចនឹងផ្តល់ឲ្យនោះហើយ៕