(បាកដាដ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហូ (Benjamin Netanyahu) កុំឲ្យព្រួយបារម្ភខ្លាចបាត់បង់ឥទ្ធិពលនៅក្នុងតំបន់ ក្រោយការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី ព្រោះទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផ្ដល់ប្រាក់ឱ្យអ៊ីស្រាអែល ៤.៥ពាន់លានដុល្លារក្នុងមួយឆ្នាំយកទៅពង្រឹងសមត្ថភាព និងសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT រសៀលនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងពេលបំពេញដំណើរទស្សនកិច្ច ដ៏ខ្លីមួយក្នុងប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធសប្ដាហ៍ នេះ និងជាការឆ្លើយតបទៅនឹងសំណួរនានា ពាក់ព័ន្ធផលអវិជ្ជមានលើអ៊ីស្រាអែល បន្ទាប់ពីអាមេរិកដកទ័ពចេញពីស៊ីរី។ នាឱកាសនោះលោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាននិយាយជាមួយលោក Netanyahu ហើយខ្ញុំបានប្រាប់លោកថា សហរដ្ឋអាមេរិកកំពុងរៀបចំផ្ដល់ប្រាក់ ៤.៥ពាន់លានដុល្លារក្នុងមួយឆ្នាំឱ្យអ៊ីស្រាអែល និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ៊ីស្រាអែល... ដូច្នេះអ៊ីស្រាអែលនឹងនៅតែរឹងមាំ និងមានសុវត្ថិភាព»។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីស្រាអែលបានទទួលជំនួយរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក យកមកពង្រឹងសមត្ថភាពយោធា រហូតដល់រដ្ឋជី្វបមួយនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារខ្លួន និងក្លាយជាមហាអំណាចមួយ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕