(ប៉េកាំង)៖ ចិន និងសហរដ្ឋអាមេរិកបានរៀបចំគម្រោងសម្រាប់ការប្រឹក្សាយោបល់មួយទល់នឹងមួយ ជុំវិញវិស័យពាណិជ្ជកម្មនៅខែមករាខាងមុខនេះ ខណៈមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ កំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បានឲ្យដឹងថាការពិភាក្សាតាមរយៈប្រព័ន្ធទូរស័ព្ទនឹងបន្តប្រព្រឹត្តទៅសម្រាប់ពេលនេះ ខណៈភាគីទាំងពីរបានធ្វើការត្រៀមរៀបចំសម្រាប់ ការពិគ្រោះយោបល់ទល់មុខគ្នាផ្ទាល់ នៅខែមករាខាងមុខបន្ថែមពីលើការសន្ទនាតាមទូរស័ព្ទ។
គួរជម្រាបថា ប៉ុន្មានសប្តាហ៍កន្លងទៅនេះ មន្រ្តីទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង បានជជែកពិភាក្សាគ្នាតាមទូរស័ព្ទ ប៉ុន្តែជំនួបនៅខែក្រោយ នឹងជាការជួបពិគ្រោះយោបល់ទល់មុខគ្នាជាលើកដំបូង គិតចាប់តាំងតែពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយសមភាគីចិន លោក ស៊ី ជិនពីង នៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី០១ ខែធ្នូ ដោយបានព្រមព្រៀងគ្នាផ្អាកការដំឡើងពន្ធទៅវិញទៅមក ដែលបានបង្កភាពរាំងស្ទះជាខ្លាំង ដល់លំហូរទំនិញតម្លៃរាប់រយពាន់លានដុល្លារនៃប្រទេសទាំងពីរ៕