(យូអិន)៖ មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ ឬហៅកាត់ថា UNICEF បានវាយតម្លៃថា យ៉ាងហោចណាស់ទារកសរុប ៣៩៥,០៧២នាក់ បានចាប់កំណើតនៅថ្ងៃចូលឆ្នាំសកល ២០១៩ នៅទូទាំងពិភពលោក ដែលមួយភាគបីគឺកើតនៅតំបន់អាស៊ីខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៨។
អង្គការ UNICEF បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះទៀតថា ប្រទេសឥណ្ឌាអាចមានទារកចាប់កំណើតនៅថ្ងៃចូលឆ្នាំសកល២០១៩ ចំនួន ៧០,០០០នាក់ តាមក្រោយដោយចិនដែលមានទារកប្រសូតប្រហាក់ប្រហែល ៤៥,០០០នាក់ និងនីហ្សេរីយ៉ា ២៥,០០០នាក់ ខណៈសហរដ្ឋអាមេរិកអាចមានប្រមាណ ១១,០០០នាក់។
គួរបញ្ជាក់ថា បើតាម UNICEF ទារកជិតមួយលាននាក់ បានស្លាប់នៅថ្ងៃចាប់កំណើតកាលពីឆ្នាំ២០១៧ និង ២.៥លាននាក់ស្លាប់នៅ ក្នុងខែដំបូងនៃជីវិតរបស់ពួកគេ ហើយមូលហេតុនៃការស្លាប់នោះ ភាគច្រើនគឺបានបណ្ដាលមកពីការចាប់កំណើតមិនគ្រប់ខែ ការឆ្លងជំងឺសួត និងភាពស្មុគស្មាញក្នុងពេលសម្រាលជាដើម៕