(ការ៉ាកាស់)៖ ទណ្ឌកម្មពីអន្តរជាតិ​បានធ្វើឲ្យប្រទេសវេណេស៊ុយអេឡា​ ខាតបង់ប្រាក់​ប្រមាណ ២០ពាន់លានដុល្លារ​កាលពី​​ឆ្នាំ២០១៨។ នេះបើតាម​ការអះអាងពី​ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ ដក​ស្រង់សម្តី​ដោយទីភ្នាក់​ងារ​​​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។

បើតាម​លោក ម៉ាឌូរ៉ូ ការខាតបង់លុយកាក់​រាប់ពាន់លានដុល្លារ​ដោយសារតែ​ទណ្ឌកម្មអន្តរជាតិ​នេះ បានរារាំង​​ប្រទេស​​របស់លោក ​ពីការទិញផលិតផល​ចាំបាច់នានាពីពិភពលោក​ ដូចជា​ស្បៀងអាហារ និងថ្នាំពេទ្យ​ជាដើម។ លោក​ប្រ​ធា​នា​ធិប​​តី​​វេណេស៊ុយអេឡា​បាន​បន្ថែមថា សេដ្ឋកិច្ចទន់​ខ្សោយ​របស់ប្រទេស​​អាមេរិកឡាទីន​មួយនេះ កំពុងរងគ្រោះ​​ខ្លាំង​​ពី​ការ​រាំង​ខ្ទប់​ផ្នែកហិរញ្ញវត្ថុ ដោយសហគមន៍អន្តរជាតិ។

លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ថា «ប្រទេសវេណេស៊ុយអេឡាមានសមត្ថភាព​អាចជម្នះ​ឧបសគ្គ​ទាំងនេះបាន ក៏ដោយ​សារ​​តែ​​មាន​ធន​ធាន​គ្រប់គ្រាន់ បូករួមជាមួយកិច្ចប្រឹងប្រែង​របស់វេណេស៊ុយអេឡា ដែលសំដៅបង្កើន​ការផលិតប្រេង មាស ពេជ្រ និងដែក»

គួរជម្រាបថា ប៉ុន្មានឆ្នាំចុង​ក្រោយនេះ សហគមន៍អន្តរជាតិជា​ពិសេសសហរដ្ឋអាមេរិក បានទម្លាក់​ទណ្ឌកម្មជាច្រើនកញ្ចប់​​មក​លើ​​វេណេស៊ុយអេឡា រួមមានការ​ទូទាត់រូបិយវត្ថុប្រភេទ​ឌីជីថល​​របស់វេណេស៊ុយអេឡា និង​បម្រាមលើការនាំចូលមាស​ ពី​ប្រជាជាតិ​អាមេរិក​ខាងត្បូង​មួយនេះថែមទៀត៕