(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងបន្ត កិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សំដៅដោះស្រាយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក គីម ក៏បានព្រមានដែរថា ទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការឆ្លើយតបសាជាថ្មី បើទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។
លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះ នៅឱកាសថ្លៃសារអបអរឆ្នាំសកល២០១៩ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ដោយឡែកឆ្លើយតបសារនេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះក៏បានអះអាងឡើងវិញផងដែរថា លោកចង់ជួបជាមួយលោក គីម ជុងអ៊ុន ជាលើកទី ២ ក្នុងពេលឆាប់ៗនេះ ឆ្លើយតបចំពោះមេដឹកនាំកូរ៉េខាងជើង ដែលបង្ហាញចេញនូវចេតនាចង់ស្ដារទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែមិថុនា ឆ្នាំ២០១៧ ក្នុងប្រទេសសិង្ហបុរី ជាមួយការសន្យាថា លោកនៅតែប្តេជ្ញាលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរមិនមានការរីកចំរើនឡើយ រីឯទីក្រុងវ៉ាស៊ីនតោនវិញក៏មិនបានបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធលើរបបដឹកនាំទីក្រុងព្យុងយ៉ាងដែរ៕