(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងបើកកិច្ចចរចាដោះស្រាយជម្លោះពាណិជ្ជកម្មថ្នាក់អនុរដ្ឋមន្ត្រីពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រនេះ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ទៀតថា ប្រតិភូអាមេរិកមួយក្រុមដឹកនាំដោយ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក (Deputy U.S. Trade Representative) លោក ចេហ្វហ្វ្រេយ ហ្គែរីស (Jeffrey Gerrish) នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ ទីក្រុងប៉េកាំងនៅសប្ដាហ៍ក្រោយនេះ ហើយភាគីទាំងពីរនឹងពិភាក្សាគ្នាពីមធ្យោបាយអនុវត្តន៍តាមកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើងនៅ ក្នុងប្រទេសអាហ្សង់ទីនរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង កាលពីខែចុង វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។
ម្យ៉ាងវិញទៀតកិច្ចចរចានេះ ក៏បង្ហាញផងដែរពីសញ្ញាផ្សះផ្សាជម្លោះពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ខណៈលោក ត្រាំ បានអះអាងថា មានភាពជឿនលឿននៅក្នុងកិច្ចចរចាពាណិជ្ជកម្ម បន្ទាប់ពីលោកបានពិភាក្សាតាមទូរស័ព្ទជាមួយលោក ស៊ី កាលពីសប្ដាហ៍មុន។ មិនតែប៉ុណ្ណោះ ចិនក៏បានអនុវត្តន៍ការកាត់បន្ថយពន្ធនាំចូលលើផលិតផលជាង ៧០០មុខផងដែរ ចាប់ពីថ្ងៃទី០១ ខែមករា មកម្ល៉េះ។
គួរបញ្ជាក់ថា កិច្ចចរចាដោះស្រាយជម្លោះពាណិជ្ជកម្មថ្នាក់អនុរដ្ឋមន្ត្រីពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ខាងមុខនេះនឹងក្លាយជាជំនួបទល់មុខលើដំបូងបំផុតចាប់តាំងពីលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង បានឯកភាពលើការផ្អាកសង្រ្គាមដំឡើងពន្ធរយៈពេល ៩០ថ្ងៃ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្សង់ទីន កាលពីចុងខែវិច្ឆិក កន្លងទៅ។ ការឯកភាពនេះជាការសបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរជាពិសេសអាមេរិកពិតជាទទួលស្គាល់ថា សង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរនេះ បានបង្កផលខូចខាតទាំងអស់ខាងយ៉ាងប្រាកដ ដោយគ្មាននរណាអាចយកចំណេញបានឡើយ៕