(ប៉េកាំង)៖ បន្ទាប់ពីបាន​ចុះចតនៅផ្ទៃចំហៀង​​ម្ខាងទៀតនៃព្រះច័ន្ទ ដែលពុំធ្លាប់មាន​ការុករកពីមុនមក យានអវកាស​ចិន «ឆាងអឺទី៤» បានបាញ់​បញ្ជូន​រូបភាព​ដំបូង ចំនួន​ពីរសន្លឹក​ដំបូង​​នៃតំបន់​នោះ​មកកាន់ផែនដីវិញ ដែលថតបាន​អំឡុង​ពេល​វាព្យាយាម​ធ្វើការចុះចត ហើយ​លទ្ធផលនេះ​ទោះគាំទ្រ ឬមិនគាំទ្រក៏គ្រប់គ្នា​មិនអាចប្រកែក​បានឡើយ អំពើសមត្ថភាព​​ស្រាវជ្រាវ​ទីអវកាស​​របស់ចិន ដែលកំពុងវិវឌ្ឍន៍លឿនស្ទើរមិនគួរឲ្យជឿ​ចំពោះមុខមហាអំណាច​អវកាស​មុនៗ ជាពិសេស​អាមេរិក រុស្ស៊ី និងអឺរ៉ុប។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយពី​សារព័ត៌មាន BBC និង Space នៅព្រឹក​ថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។

យាន «ឆាងអឺ» បានត្រូវបាន​ទីភ្នាក់ងារ​អវកាសចិន CNSA បាញ់បង្ហោះចេញពី​ផែនដីកាល​ពីថ្ងៃទី០៨ ខែធ្នូ ហើយម្សិលមិញ​នេះ (ថ្ងៃព្រហស្បតិ៍)​ វាបាន​ធ្វើការចុះចតជា​លើកដំបូងបង្អស់ នៅតំបន់គេហៅថា Far Side ឬក៏ Dark Side របស់ព្រះច័ន្ទ ជា​ផ្ទៃ​មួយ​ចំហៀង​ទៀត​​ដែរ​បែរចេញពីផែនដី។ សម្រាប់ទីតាំងដែល​យានអវកាស «ឆាងអឺ-៤» បានចុះចតគឺជារណ្តៅអាចម៍ផ្កាយដ៏ចំណាស់ និងធំបំផុតមួយ ប្រចាំនៅក្នុង​ប្រព័ន្ធអាទិត្យ​យើងមានឈ្មោះថា វ៉ុនខាមែន (Von Karman) ដែលមាន​មុខ​កាត់រហូតដល់ទៅ ១៨៦គីឡូម៉ែត្រឯណោះ។

ជាក់ស្តែងណាស់ ទីភ្នាក់ងារអវកាស​ធំៗបានស្គាល់ និងគូសវាសផែនទីរួច​ទៅហើយ នៃ​តំបន់​មួយចំហៀងទៀតនៃព្រះច័ន្ទ ហើយក៏​ធ្លាប់បាន​បរាជ័យក្នុងការ​បញ្ជាយានចុះចតនៅទីនោះ​ផងដែរ។ ផ្នែកដែលមិនអាចបែរមករកផែនដី ឬមនុស្សលើផែនដីគ្មានថ្ងៃ​បានឃើញឡើយ ប្រសិនបើមិនមានផ្កាយរណប ឬយានទៅថតរូបទេនោះ គឺពិបាកណាស់​ក្នុងការស្រាវជ្រាវ ហេតុដូច្នេះការចុះចត​ និងបញ្ជាយានលើផ្ទៃនោះ គឺជាកម្រិត​សមត្ថភាពថ្មីមួយទៀតរ​បស់ចិន ដែល​ចង់​បង្ហាញប្រាប់ពិភពលោក​ថា ចិនពិតជាមានសមត្ថភាពផ្នែកគ្រប់គ្រងបច្ចេកទេស និងធនធាន​ទ្រទ្រង់កម្មវិធី​​ដែលខ្លួនបានបង្កើតមែន។

ជុំវិញសមិទ្ធផលរបស់ចិននេះដែរ លោក យ៉េ ក្វាន់ជី (Ye Quanzhi) តារាវិទូ​នៃ​វិទ្យាស្ថាន Caltech បានប្រាប់ BBC កាលពីថ្ងៃព្រហស្បតិ៍ថា «ប្រទេសចិន​ព្យាយាម​សម្រេច​បាន​នូវអ្វីដែលមហាអំណាចអវកាសនានា មិនអាចធ្វើបានពីមុខមក...។» អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​បានដឹងយ៉ាងច្បាស់ថា ផ្នែកមួយចំហៀងទៀតនៃព្រះច័ន្ទ គឺជាកន្លែង​ដ៏​ប្រសើរ​បំផុត​សម្រាប់បំពាក់​​មជ្ឈមណ្ឌលតារាសាស្ត្រ ឬតេឡេស្កូប​រលកវិទ្យុសកម្ម ព្រោះ​វា​អាចគេ​ចឆ្ងាយ​ពីការរំខាន​នៃរលកវិទ្យុដ៏ស្មុគស្មាញ​ ដែលជះចេញពីភពផែនដី​យើង។

អ្វីដែលគួរឲ្យចាប់​អារម្មណ៍បន្ថែមទៀតនោះ យាន Lander នៅលើ​ឆាងអឺ-៤ ក៏បាន​ពាំនាំ​យកទៅជាមួយ​នូវពូជរុក្ខជាតិដូចជា កប្បាស, rapeseed, ដំឡូងបារាំង, fruit fly, yeast និង arabidopsis ជាដើម ស្ថិតនៅក្នុងទិសដៅបង្កើតជីវៈចំរុះ​តូចមួយ​នៅលើនោះ។ ងាក​មក NASA វិញ អ្នកជំនាញ​​នៅអង្គការអវកាស​អាមេរិក​មួយនេះ ក៏បាន​ទទួលស្គាល់​ផងដែរថា អ្វីដែលចិន​សម្រេចបានពេលនេះ គឺជាលើកដំបូង​​សម្រាប់មនុស្សជាតិ និង​ជាសមិទ្ធផល​​ដ៏គួរឲ្យភ្ញាក់ផ្អើល​មួយថែម​ទៀត។

គួរជម្រាបថា បេសកកម្មជា​ប្រវត្តិសាស្រ្តរបស់ប្រទេស​ចិន នឹងជួយត្រួសត្រាយ​ផ្លូវសម្រាប់ការរុករក​ជាបន្តបន្ទាប់ទៀត​​នា​ថ្ងៃអនាគត នៅតំបន់អាថ៌​កំបាំងនេះ។ ការទទួលជោគជ័យ​នៃបេសកកម្មរបស់ចិន​ត្រូវសម្រេចបាន នៅចំពោះមុខ​ការ​​ផ្តោត​ចំណាប់អារម្មណ៍​ឡើងវិញ ចំពោះការស្រាវជ្រាវ​រុករកលើ​ឋានព្រះច័ន្ទ ពីសំណាក់​​ទីភ្នាក់ងារអវកាស​អាមេរិក NASA, ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប ESA, រុស្ស៊ី, ឥណ្ឌា, និងក្រុមហ៊ុន​អវកាសឯកជនជា​ច្រើនផ្សេង​ទៀត៕