(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកបានបង្កើនសកម្មភាពចូលរួម នៅក្នុងការធ្វើសមយុទ្ធយោធាជាច្រើនក្នុងតំបន់អាមេរិកឡាទីន ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការកើនឡើងឥទ្ធិពលរបស់រុស្ស៊ី និងចិននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
ការកើនឡើងនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ត្រូវបានគេសង្កេតឃើញ តាមរយៈការធ្វើសមយុទ្ធយោធាដែនអាកាសកាលពីឆ្នាំ២០១៨ នៅក្នុងប្រទេសឈីលី ដោយមានការចូលរួមពីសំណាក់កងយន្ដហោះចម្បាំងបំបំាងកាយអាមេរិក F-35។
មិនតែប៉ុណ្ណោះ កងទ័ពអាកាសអាមេរិក ក៏បានចូលរួមផងដែរនៅក្នុងធ្វើសមយុទ្ធយោធាជាច្រើនទៀត ក្នុងនោះរួមលំហាត់សឹក ដែលរៀបចំឡើងដោយកងទ័ពអាកាសកូឡុំប៊ីកាលពីខែកក្កដាកន្លងទៅ, សមយុទ្ធយោធាអាកាសមាន ១២ប្រទេស ចូលរួមធ្វើឡើងនៅឯរដ្ឋអារីហ្សូនណា (Arizona) កាលពីខែកក្កដា ឆ្នាំដដែល ព្រមទាំងសមយុទ្ធជើងទឹកនៅក្នុងប្រទេសប្រេស៊ីល កាលពីខែវិច្ឆិកា ក៏ដូចជាការបញ្ជូននាវាទៅកាន់ទីក្រុង ធើបូ (Turbo) ប្រទេសកូឡុំប៊ី កាលពីខែសីហា ដើម្បីជួយដល់ជនភៀសខ្លួនវេណេស៊ុយអេឡាជាដើម។
គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ី និងចិនបានបង្កើនឥទ្ធិពលកាន់តែខ្លាំងទាំងផ្នែកទំនាក់ទំនងសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់អាមេរិកឡាទីន។ ប៉ុន្តែ ប្រទេសមហាអំណាចទាំងពីរត្រូវបានគេមើលឃើញថា បានប្រើប្រាស់វិធីសាស្ត្រពង្រីកឥទ្ធិពលខុសៗគ្នា ដោយទីក្រុងម៉ូស្គូផ្ដល់ជំនួយជាអាវុធ និងបរិក្ខាជាច្រើនទៀត តាមតម្រូវរបស់បណ្ដាប្រទេសអាមេរិកឡាទីន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ចំណែកឯចិនវិញគឺប្រើប្រាស់ការវិនិយោគ និងការសន្យាផ្ដល់ជំនួយដ៏សន្ធឹកសន្ធាប់ ដើម្បីទាក់ទាញចិត្តថ្នាក់ដឹកនាំបណ្តាប្រទេសអាមេរិកឡាទីន៕