(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យនោះ បានអនុម័តសេចក្តីព្រាងថវិកាមួយហើយ សំដៅបញ្ចប់ការបិទទ្វារនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅចំពោះមុខការគំរាមពីលោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
នៅក្រោមសេចក្តីព្រាងថវិកានេះ ស្ថាប័នសំខាន់ៗដូចជា ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងការងារ ក្រសួងហិរញ្ញវត្ថុ (ក្រសួងរតនាគារ) ព្រមទាំងទីភ្នាក់ងារសហព័ន្ធឯទៀតៗ នឹងទទួលបានថវិកាផ្គត់ផ្គង់ឡើងវិញរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ពោលគឺដល់ដំណាច់ឆ្នាំសារពើពន្ធ២០១៩។
ដោយឡែកនៅមុនការអនុម័តខាងលើ សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា សេចក្តីព្រាងថវិការបស់បក្សប្រជាធិបតេយ្យ ផ្តល់ហិរញ្ញប្បទានដល់កម្មវិធីមិនចាំបាច់ជាច្រើនលើសកម្រិត រួមមានការផ្តល់ជំនួយហួសហេតុ ទៅកាន់កាន់បរទេស ដូចជាទៅកាន់តំបន់ហ្គាហ្សា (Gaza), ស៊ីរី, ប៉ាគីស្ថាន, និងកម្មវិធីរបស់អង្គការសហប្រជាជាតិ។
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏មានព្រមានទាត់ចោលសេចក្តីព្រាងថវិកាខាងលើផងដែរ ទោះបីវាមានគោលដៅបញ្ចប់ការបិទទ្វាររដ្ឋាភិបាលនាពេលបច្ចុប្បន្នក៏ដោយ ព្រោះក្រុមមន្រ្តីបក្សប្រជាធិបតេយ្យ មិនអើពើពីភាពចាំបាច់ជាបន្ទាន់នៃសន្តិសុខនៅតាមព្រំដែន។
គួរជម្រាបថា រដ្ឋាភិបាលអាមេរិកបានស្ថិតក្នុងស្ថានភាពបិទទ្វារមិនទាំងស្រុង ចាប់តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីសមាជិកសភាបក្សប្រជាធិបតេយ្យ មិនយល់ស្របចំពោះការទាមទាររបស់ លោក ត្រាំ ដែលចង់បានថវិកា ៥.៦ពាន់លានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិក-ម៉ិចស៊ីកូ៕