(សេអ៊ូល)៖ យោធាជើងទឹកប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានធ្វើសមយុទ្ធតាមផ្លូវសមុទ្រជាលើកដំបូង សម្រាប់ឆ្នាំ២០១៩ នៅដែនទឹកភាគខាងលិច ក្បែរតំបន់សដែលទើបបង្កើតជាមួយកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃកម្លាំងយោធារវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
សម្រាប់សព្វាវុធដែលត្រូវបានចល័ត ដើម្បីចូលរួមក្នុងសមយុទ្ធយោធាខាងលើរួមមាននាវាចម្បាំង នាវាល្បាត នាវាខ្នាតតូចបំពាក់មីស៊ីលប្រដេញ និងកាំភ្លើងយន្ត ព្រមទាំងឧទ្ធម្ភាគចក្រធ្វើប្រតិបត្តិការតាមផ្លូវសមុទ្រជាដើម។ ក្នុងសមយុទ្ធយោធានេះ ក៏មានរួមបញ្ចូលនូវលំហាត់បាញ់គ្រាប់ពិតផងដែរ ដើម្បីពង្រឹងសមត្ថភាពធ្វើការងាររួមគ្នាក្នុងជួរកងទ័ព។
គួរជម្រាបថា សមយុទ្ធយោធារបស់ទីក្រុងសេអ៊ូល បានប្រព្រឹត្តទៅនៅដែនទឹក ភាគត្បូងតំបន់ស ដែលត្រូវបានបង្កើតឡើងនៅក្បែរព្រំដែនសមុទ្ររវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង នៅក្រោមកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ ដែលត្រូវបានចុះហត្ថលេខាដោយប្រមុខការពារជាតិកូរ៉េទាំងពីរ កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
នៅក្រោមកិច្ចព្រមព្រៀងយោធានោះ ភាគីទាំងពីរយល់ព្រមបង្កើតតំបន់ស នៅដែនអាកាស ដែនដី និងដែនសមុទ្រ នៅក្បែរព្រំដែនអន្តរកូរ៉េ ដើម្បីបញ្ឈប់រាល់សកម្មភាពបង្កហេតុប្រឆាំងដាក់គ្នាទៅវិញទៅមក៕