(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា គម្រោងដកទ័ពចេញពីប្រទេសស៊ីរី នឹងពុំធ្វើឲ្យមានការប្រែប្រួលដល់បេសកកម្មកម្ទេចក្រុមភេរវករ ISIS ឬក៏យុទ្ធសាស្រ្តទប់ស្កាត់មិនឲ្យអ៊ីរ៉ង់ពង្រីកឥទ្ធិពលនៅក្នុងតំបន់នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
បើតាមលោក ប៉ុមប៉េអូ ការដកកងទ័ពចេញពីស៊ីរី គឺជាការផ្លាស់ប្តូរយុទ្ធសាស្រ្តមួយ ហើយនឹងមិនប៉ះពាល់ដល់ការប្តេជ្ញាយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ក្នុងការកម្ចាត់ក្រុម ISIS នៅទូទាំងពិភពលោកឡើយ។ ម៉្យាងវិញទៀត ក៏ពុំមានការប្រែប្រួលក្នុងយុទ្ធសាស្រ្តទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់នោះដែរ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានធានាអះអាងផងដែរថា ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ គឺអាចទុកចិត្តបានថា នឹងមិនធ្វើសកម្មភាពវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធឃើដនៅក្នុងទឹកដីស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ISIS ឡើយ បន្ទាប់ពីកងទ័ពអាមេរិកត្រូវបានដកចេញ។
គួរជម្រាបថា បើតាមលោក ប៉ុមប៉េអូ នាពេលនេះទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន កំពុងស្ថិតក្នុងរដ្ឋធានីអង់ការ៉ា ដើម្បីធានាថាការសន្យារបស់លោក អឺដូហ្គាន់ ជុំវិញការការពារក្រុមសកម្មប្រយុទ្ធឃើដ ត្រូវបានបំពេញតាមកិច្ចព្រមព្រៀងត្រឹមត្រូវ៕