(តូក្យូ)៖ អតីតប្រធានក្រុមហ៊ុនផលិតរថយន្ដជប៉ុន Nissan Motor ត្រូវបានបណ្ដេញចេញពីតំណែងលោក ខាឡូស ហ្គោសន៍ (Carlos Ghosn) បានអះអាងនៅចំពោះមុខចៅក្រមថា លោកមិនបានប្រព្រឹត្តកំហុសអ្វីទាំងអស់ ហើយថារាល់ការចោទប្រកាន់មកលើរូបលោក គឺជារឿងមិនពិត និងគ្មានមូលដ្ឋាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
លោក Carlos Ghosn ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ពីបទប្រើប្រាស់ហិរញ្ញវត្ថុក្រុមហ៊ុនមិនត្រឹមត្រូវ ព្រមទាំងការបិទបាំងមិនប្រកាសទ្រព្យសម្បត្តិ។ ប៉ុន្តែនៅចំពោះមុខចៅក្រមតុលាការថ្នាក់សង្កាត់មួយ ក្នុងទីក្រុងតូក្យូនៅថ្ងៃអង្គារនេះ លោក Ghosn បានទាត់ចោលរាល់ការចោទប្រកាន់។
លោក Ghosn បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំត្រូវបានគេចោទប្រកាន់ទាំងខ្ញុំមិនបានធ្វើអ្វីខុសទាល់តែសោះ ហើយការឃុំខ្លួនរូបខ្ញុំទៀតសោត គឺជារឿងអយុត្តិធម៌... ហើយផ្ទុយពីការចោទប្រកាន់ ខ្ញុំមិនដែលបានទទួលប្រាក់ខែពី Nissan ដោយមិនបានប្រកាសចេញនោះដែរ»។
គួរបញ្ជាក់ថា លោក Carlos Ghosn មានអាយុ ៦៤ឆ្នាំ ត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួនកាលពីខែវិចិ្ឆកា ឆ្នាំ២០១៨ តែមិនទាន់ត្រូវបានគេ ចោទប្រកាន់ជាផ្លូវនៅឡើយទេ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកប្រើប្រាស់ហិរញ្ញវត្ថុមិនត្រឹមត្រូវ ដោយធ្វើឱ្យខាតបង់ប្រាក់របស់ក្រុមហ៊ុន Nissan ជាង ១៧លានដុល្លារ៕