(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយថា លោកធ្លាប់ត្រូវបានគេដំឡើងតំណែងជាអនុសេនីយដែលមានឋានៈស្មើ នឹងមេបញ្ជាការកងអង្គភាពកាំភ្លើងធំ ហូវីតហ្សឺ (Howitzer) ក្នុងអតីតសម័យសហភាពសូវៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំធ្លាប់ធ្វើទាហានបាញ់កាំភ្លើងធំ... ហើយខ្ញុំត្រូវបានគេដំឡើងតំណែងជាអនុសេនីយ ដែលមានឋានៈស្មើនឹងមេបញ្ជាការកងអង្គភាពកាំភ្លើងធំ Howitzer ទំហំ ១២២មីលីម៉េត្រ ក្នុងអតីតសម័យសហភាពសូវៀត»។ ការរំលឹកអតីតកាល គឺជារឿងកម្រមួយសម្រាប់បុរសខ្លាំងរុស្ស៊ី។
គួរបញ្ជាក់ថា លោក វ៉្លាឌីមៀ ពូទីន បង្ហើបពីប្រវត្តិពាក់ព័ន្ធនឹងជីវិតឯកជនរបស់លោក កាលពីលោកស្ថិតក្នុងអាជីពជាយោធានោះ កាលពីថ្ងៃចន្ទ ទី០៧ ខែមករា កន្លងទៅ នៅក្នុងពិធីបុណ្យ Folk រៀបចំឡើងនៅឯតំបន់ Peter និង Paul Fortress នៃទីក្រុង St Petersburg ដែលជាទីក្រុងប្រកបដោយសក្តានុពលសេដ្ឋកិច្ចមួយ នៃសហព័ន្ធរុស្ស៊ី៕