(ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើងបាននិងកំពុង ចរចាគ្នាពីទីតាំងរៀបចំកិច្ចប្រជុំកំពូលជាលើកទី ២ ជាមួយលោក គីម ជុងអ៊ុន ស្របពេលមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាទីក្រុងហាណូយ បាងកក និងកោះហាវ៉ៃ កំពុងស្ថិតនៅក្រោមការពិចារណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យកន្លងទៅ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងកំពុងពិចារណាពីទីតាំងរៀបចំកិច្ចប្រជុំកំពូល... ហើយវានឹងត្រូវបានប្រកាសនៅក្នុងពេលឆាប់ៗនេះ»។ ប៉ុន្តែក្រោយការប្រកាសនេះបានប៉ុន្មានថ្ងៃ បណ្ដាសារព័ត៌មានជាច្រើនបានរាយការណ៍ថា ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងជើងបានជួបពិភាក្សាគ្នាក្នុងទីក្រុងហាណូយ ដើម្បីជជែកគ្នាពីបញ្ហានេះហើយ ខណៈទីក្រុងហាណូយត្រូវ បានគេរំពឹងខ្ពស់ជាងគេថា អាចនឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ព្រោះតែវៀតណាមបច្ចុប្បន្នមានទំនាក់ល្អជាមួយកូរ៉េខាងជើង និងអាមេរិកដូចគ្នា។
* តើវៀតណាមសាកសមនឹងទទួលរៀបចំកិច្ចប្រជុំកំពូលត្រាំ-គីមឬទេ?
សារព័ត៌មានកូរ៉េខាងត្បូង Munhwa Ilbo បានរាយការណ៍កាលពីថ្ងៃចន្ទថា កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម អាចនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ហើយការអះអាងបែបនេះបានកើតមានឡើងបន្ទាប់ពីសារព័ត៌មានមួយនេះទទួលបានដំណឹងមកថា មន្ត្រីអាមេរិក និងកូរ៉េខាងជើង បានជួបប្រជុំគ្នាក្នុងទីក្រុងហាណូយនាពេលថ្មីៗនេះ ដើម្បីពិភាក្សាពីជំនួបកំពូលនេះ។
* តើប្រទេសណាផ្សេងទៀត ដែលអាចក្លាយជាជម្រើស?
ក្រៅតែពីវៀតណាមនោះ ប្រទេសម៉ុងហ្គោលី ថៃ និងម៉ាឡេស៊ី ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់រៀបចំជំនួបកំពូលជាលើកទី ២ រវាងលោក គីម និងលោកត្រាំ ផងដែរ។
ចំណែកឯក្រុមអ្នកជំនាញខ្លះយល់ថា វៀតណាមមានឱកាសខ្ពស់ជាងគេ ដ្បិតបច្ចុប្បន្នវៀតណាមជាប្រទេសកុម្មុយនីស្ដដូចកូរ៉េខាងជើង តែ មានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងផង និងសហរដ្ឋអាមេរិកផង។
លើសពីនេះទៅទៀត កូរ៉េខាងជើងមានស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសវៀតណាមស្រាប់ ហើយក៏ធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នានៅអំឡុងសម័យសង្រ្គាមវៀតណាមផងដែរ ជាទីដែលទីក្រុងព្យុងយ៉ាងធ្លាប់បានផ្ដល់ជំនួយដល់ទីក្រុងហាណូយ ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។ ដោយឡែក បើនិយាយពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកវិញ ក៏កាន់តែល្អប្រសើរទៅទៀត ព្រោះទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន បានខិតជិតគ្នាកាន់តែជិតដោយទុកជម្លោះពីអតីតមួយឡែក បន្ទាប់ ពីអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បំពេញទស្សនកិច្ចមកកាន់ប្រទេសវៀតណាមកាលពីឆ្នាំ២០១៦។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាក្នុងជំនួបកំពូលម្ដងរួចមកហើយដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨។ ថ្មីៗនេះប្រទេសថៃបានប្រកាសស្វាគមន៍ជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ ហើយស្ម័គ្រក្លាយជាខ្លួនជាម្ចាស់ផ្ទះ ប៉ុន្តែការប្រកាសនេះបានធ្វើឡើងក្រោយវៀតណាមប៉ុណ្ណោះ។ ដោយឡែកអ្នកជំនាញខ្លះបានលើកឡើងថា កោះហាវ៉ៃក៏អាចក្លាយជាជម្រើសដែរ ប៉ុន្តែវាមិនសាកសមទាំងស្រុងឡើយ ព្រោះកូរ៉េខាងជើងទំនងជាមិនអាចពេញចិត្តឡើយ ព្រោះវាជាដែនដីគ្រប់គ្រងដោយអាមេរិកសុទ្ធសាធ នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក៕