(គូឡាឡាំពួ)៖ បុរសពីរនាក់ និងស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនពីបទប្រមាថព្រះចេស្តារអតីតព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ ស៊ុលតង់ មូហាំម៉េដ ទី ៥ (Sultan Muhammad V) ដោយសារការសម្រេចព្រះទ័យដាក់រាជ្យរបស់ទ្រង់ នាពេលថ្មីៗនេះ។ នេះបើតាមការឲ្យដឹងពីមេបញ្ជាការប៉ូលិសម៉ាឡេស៊ី លោក ហ្វុសស៊ី ហារុន (Fuzi Harun) ដកស្រង់សម្តីដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
លោក Fuzi Haruz បានឲ្យដឹងថា ជនទាំងបីត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពីប៉ូលិសម៉ាឡេស៊ីទទួលបានការរាយការណ៍ថា មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានប្រើពាក្យសម្តីប្រមាថម៉ាក់ងាកលើព្រះចេស្តារព្រះចៅ Muhammad V ទាក់ទិនជាមួយនឹងការដាក់រាជ្យរបស់ទ្រង់។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ព្រះចៅ Sultan Muhammad V បានដាក់រាជ្យសម្បត្តិមុនអាណត្តិ ក្រោយពីឡើងគ្រងរាជបល្ល័ង្កបានពីរឆ្នាំ។ ការដាក់រាជ្យនេះទៀតសោត បានកើតមានឡើងបន្ទាប់ពីមានការចុះផ្សាយព្រោងព្រាតលើបណ្តាញសារព័ត៌មានកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ថា មហាក្សត្រដែលមានព្រះជន្ម ៤៩ព្រះវស្សាអង្គនេះ ទើបបានរៀបអភិសេកជាមួយអតីតបវរកញ្ញារុស្ស៊ីឈ្មោះ អូកសាណា វឿវ៉ូឌីណា (Oksana Voevodina) ដែលមានវ័យ ២៥ឆ្នាំ៕