(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានសម្ដែងការស្វាគមន៍ចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុ សម្រាប់ ការផ្ដល់កិច្ចសហប្រតិបត្តិការឡើងវិញ នូវគម្រោងអន្តរកូរ៉េជាច្រើន ហើយលោក មូន ក៏បានសន្យាផងដែរថា នឹងរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយទណ្ឌកម្មលើកូរ៉េខាងជើង ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅរួច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតី៍ ទី១០ ខែមករា ឆ្នាំ២០១៩។
លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់បែបនេះនៅអំឡុងសន្និសីទសារព័ត៌មានស្វាគមន៍ឆ្នាំថ្មី របស់លោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក មូន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងនានានៅតំបន់សួនឧស្សាហកម្ម កែសុង (Kaesong) និងតំបន់ទេសចរណ៍ភ្នំ គុមកាង (Kumgang) បាននិងកំពុងផ្ដល់ ផលប្រយោជន៍ដល់កូរ៉េខាងត្បូង និងកូរ៉េខាងជើង... ខ្ញុំសូមស្វាគមន៍ចំពោះឆន្ទៈដ៏ល្អរបស់កូរ៉េខាងជើងក្នុងការចាប់ផ្ដើមឡើងវិញនូវគម្រោង និងកិច្ចសហប្រតិបត្តិការដោយគ្មានលក្ខខណ្ឌ និងគ្មានសំណង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ លោក គីម ជុងអ៊ុន បាននិយាយថា លោកមានបំណងបើកសួនឧស្សាហកម្មនៅក្នុងទីក្រុង Kaesong ព្រមទាំងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍កូរ៉េខាងត្បូង ចូលទៅកម្សាន្តតំបន់ទេសចរណ៍ភ្នំ Kumgang របស់កូរ៉េខាងជើងវិញដោយគ្មានលក្ខខណ្ឌទុកជាមុនឡើយ។ នៅដើមឆ្នាំ២០១៩ នេះមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានយល់ព្រមបើកិច្ចជំនួបកំពូលជាលើកទី ២ ដើម្បីបន្តការប្តេជ្ញាលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងការដោះទណ្ឌកម្មអន្តរជាតិចេញពីកូរ៉េខាងជើង៕