(វ៉ាស៊ីនតោន)៖ ប្រព័ន្ធឡូជីស្ទីកយោធានាពេលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក គឺមិនអាចដំណើរការទៅបានយ៉ាងរលូនឡើយ នៅក្នុងករណីដែលមានសង្រ្គាមផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងរុស្ស៊ី ឬក៏ជាមួយចិននោះ។ នេះបើតាមរបាយការណ៍ផ្ទៃក្នុងមួយរបស់ក្រសួងការពារជាតិអាមេរិក ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
ចាប់តាំងពីសម័យសង្រ្គាមត្រជាក់ត្រូវបានបញ្ចប់មក សហរដ្ឋអាមេរិកមិនបានធ្វើសង្រ្គាមជាមួយគូសត្រូវណា ដែលមានសមត្ថភាពបង្កការរំខានធ្ងន់ធ្ងរ ដល់បណ្តាញផ្គត់ផ្គង់ផ្នែកយោធា ឬក៏ដល់ការដាក់ពង្រាយកងទ័ព ឬក៏បរិក្ខាទ័ពនោះឡើយ ដូច្នេះហើយប្រព័ន្ធឡូជីស្ទីករបស់ក្រសួងការពារជាតិអាមេរិក មិនបានទទួលការយកចិត្តទុកដាក់ និងខ្វះខាតថវិកាឧបត្ថម្ភជាខ្លាំង។
ម៉្យាងវិញទៀត ប្រសិនបើគ្មានប្រព័ន្ធផ្គត់ផ្គង់ធនធាន ទៅឲ្យកងទ័ពប្រកបដោយប្រសិទ្ធភាពទេនោះ ការខិតខំអភិវឌ្ឍន៍ក្បួនយុទ្ធសាស្រ្ត និងបច្ចេកវិទ្យាទំនើបៗនឹងក្លាយជារឿងអាសាបង់ ហើយបើនៅតែពុំមានការរវីរវល់ខ្វាយខ្វល់កាន់តែយូរទៀតនោះ សហរដ្ឋអាមេរិកនឹងធ្លាក់ក្នុងហានិភ័យ នៃការបាត់បង់សមត្ថភាពរក្សាឥទ្ធិពលរបស់ខ្លួន ដើម្បីប្រយុទ្ធតទល់នឹងគូប្រជែង ដែលពោរពេញដោយយុទ្ធសាស្រ្តថ្មីៗ។ ហេតុដូចនេះបណ្តាញឡូជីស្ទីកយោធាអាមេរិក ត្រូវការជាចាំបាច់នូវការធ្វើទំនើបកម្មឲ្យទាន់ស្ថានភាពបច្ចុប្បន្ន៕