(វ៉ាស៊ិនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រធានាធិបតីប្រេស៊ីលថ្មីគឺលោក ហ្សៃ បូលសូណារ៉ូ (Jair Bolsonaro) អាចនឹងចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន នៅតំបន់អាមេរិកឡាទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
លោក Bolsonaro ដែលត្រូវបានគេហៅថា «ដូណាល់ ត្រាំ ប្រេស៊ីល» បានឡើងស្បថកាន់តំណែងជាប្រធានាធិបតី កាលពីថ្ងៃអង្គារ ទី០១ ខែមករា ឆ្នាំ២០១៩ ក្រោយឈ្នះនៅក្នុងការបោះឆ្នោតសកល ជាមួយសំឡេងគាំទ្រ ៥៥ភាគរយ។ ម្យ៉ាងវិញទៀត ភ្លាមៗក្រោយឡើងស្បថកាន់តំណែង លោក Bolsonaro បានប្រកាសថា លោកនឹងរំដោះប្រេស៊ីលចេញពីរបត់សង្គមនិយម ហើយការលើកឡើងបែបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់លោក ដូណាល់ ត្រាំ ដែលកំពុងចង់បានប្រេស៊ីលជាដៃគូ ដើម្បីប្រជែងឥទ្ធិពលជាមួយចិននៅក្នុងតំបន់ ហើយលោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹងនៅក្បែរប្រេស៊ីលជានិច្ច។
លើសពីនេះទៅទៀត គោលបំណងរបស់សហរដ្ឋអាមេរិក ចង់សហការជាមួយប្រេស៊ីលប្រឆាំងចិន បានបង្ហាញកាន់តែច្បាស់ក្រោយអតីតអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីកគី ហាឡេយ (Nikki Haley) បានសរសេរសារអបអរទៅកាន់លោក Bolsonaro។ លោកស្រី Haley បានគូសបញ្ជាក់ត្រង់ៗនៅលើ Twitter យ៉ាងដូច្នេះថា «វាគឺជារឿងដ៏អស្ចារ្យមួយ ដែលសហរដ្ឋអាមេរិកមានមិត្តថ្មីជាមេដឹកនាំម្នាក់នៅក្នុងតំបន់ អាមេរិកឡាទីន ដែលនឹងចូលរួមជាមួយយើង ក្នុងការតស៊ូប្រយុទ្ធជាមួយរបបផ្ដាច់ការនៅវេណេសស៊ុយអេឡា និងគុយបា... ព្រមទាំងទប់ស្កាត់ឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់ ព្រោះគាត់ដឹងយ៉ាងច្បាស់ពីឥទ្ធិពលដ៏គ្រោះថ្នាក់របស់ចិន»។
តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញខ្លះបានមើលឃើញថា វោហាស័ព្ទប្រឆាំងចិនរបស់លោក Bolsonaro វាគ្រាន់តែជាទ្រឹស្ដីមួយតែប៉ុណ្ណោះ និងមិនអាចយកមកអនុវត្តន៍ជាក់ស្ដែងឡើយ ដ្បិតបច្ចុប្បន្នចិនគឺជាដៃគូវិនិយោគដ៏ធំរបស់ប្រេស៊ីល ហើយក៏ជាសមាជិកនៃអង្គការ BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ជាមួយចិនផងដែរ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រេស៊ីល និងចិនមានទំហំ ៧៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៧ ហើយវាបានកើនដល់ ១០០ពាន់លានដុល្លារឯណោះ កាលពីឆ្នាំ២០១៨។ ចំណែកឯ ការនាំចេញរបស់ប្រេស៊ីលទៅកាន់ប្រទេសចិន មាន ៦៦.៦ពាន់លានដុល្លារ ពោលគឺកើនឡើង ៣២ភាគរយបើធៀបទៅនឹងឆ្នាំមុនៗ ហើយចិនវិញក៏បានវិយោគប្រាក់ជាង ១២៤ពាន់លានដុល្លារនៅក្នុងប្រទេសប្រេស៊ីលចាប់តាំងពីឆ្នាំ២០០៣ លើវិស័យប្រេង រ៉ែ និងថាមពល៕