(ប៉ារីស)៖ ក្រុមបាតុករអាវកាក់ពណ៌លឿងក្នុងប្រទេសបារាំង មានផែនការបង្កឱ្យមានវិបត្តិធនាគារមួយកើតឡើង តាមរយៈការដកលុយ ទាំងអស់របស់ខ្លួននៅទូទាំងប្រទេសក្នុងគោលបំណងគម្រាមកំហែងដល់ប្រព័ន្ធហិរញ្ញវត្ថុបារាំង សំដៅបង្ខំឱ្យរដ្ឋាភិបាលប្រធានាធិបតី លោក អែមម៉ានុយអែល ម៉ាក្រុង ធ្វើកំណែទម្រង់តាមការចង់បានរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅលើ Facebook សមាជិកបាតុករអាវកាក់ពណ៌លឿងម្នាក់ឈ្មោះ Tahz San បានលើកឡើងដូច្នេះថា៖ «បើសិនជាធនាគារទន់ខ្សោយ នោះរដ្ឋក៏ចុះទន់ខ្សោយដែរ...ហើយវានឹងក្លាយទៅជាសុបិន្តអាក្រក់របស់ក្រុមមន្ត្រីបារាំង»។ ដោយឡែក បើតាម Russian Today ក្រុមបាតុករបារំាង មានគម្រោងដកលុយចេញពីគណនីធនាគាររបស់ពួកគេទាំងអស់ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ សំដៅគម្រាមកំហែងដល់ប្រព័ន្ធ ធនាគារ និងហិរញ្ញវត្ថុបារាំង ដើម្បីបង្ខំឱ្យរដ្ឋាភិបាលទីក្រុងប៉ារីសយល់ព្រមអនុម័តលើច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យពលរដ្ឋស្នើសុំនិងបោះឆ្នោត គំាទ្រលើច្បាប់ថ្មីនានា។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានព្រមានថានឹងប្រើប្រាស់កម្លាំងបាយបង្រ្កាប រាល់បាតុកម្មទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាត ហើយថាកងកម្លាំងសន្តិសុខ ៨០,០០០នាក់ នឹងត្រូវបានដាក់ពង្រាយ ខណៈបាតុកម្ម តវ៉ាជាថ្មីគ្រោងនឹងបន្តធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕