(ហាវ៉ៃ)៖ សហរដ្ឋអាមេរិកបាន​បញ្ជូនយន្ដហោះ​ទម្លាក់គ្រាប់បែក B-2 ឱ្យទៅ​ឈរជើង​​នៅឯមូលដ្ឋានទ័ព​អាកាស Pearl Harbor-Hickam នៃរដ្ឋ​ហាវ៉ៃ ស្របពេលកំពុង​មានជម្លោះជាច្រើន​ជាមួយមហាយក្សចិន​ ទាំងក្នុងវិស័យ​ពាណិជ្ជកម្ម និងយោធា ជាពិសេសក្រោយ​ទីក្រុងប៉េកាំង​​បានព្រមាន​ប្រើប្រាស់កម្លាំងយោធា​ជាថ្មីលើ​តៃវ៉ាន់។ នេះបើ​តាមវរសេនីយ៍​ឯកអាមេរិក លោក ចូសវ៉ា ដ័រ (Joshua Dorr) ដកស្រង់ដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​ ចេញផ្សាយនាពេលថ្មីនេះ​លោក Joshua Dorr បានគូស​បញ្ជាក់​ដូច្នេះថា «ការបញ្ជូន និងដាក់​ពង្រាយ B-2 ទៅ​កាន់រដ្ឋហាវ៉ៃ គឺបង្ហាញថា​យើងបានត្រៀមខ្លួនរួចជា​ស្រេច​ក្នុងការការពារ​ខ្លួនឯង និងសម្ព័ន្ធមិត្ត​របស់យើង... ហើយយន្ដហោះ​ទម្លាក់គ្រាប់បែក​នេះ​នឹងធ្វើការត្រួត​ពិនិត្យឃ្លាំមើល ២៤ម៉ោង​ក្នុងមួយថ្ងៃ និង ០៧ថ្ងៃក្នុង​មួយសប្ដាហ៍»។ វរសេនីយ៍​ឯកអាមេរិករូបនេះ​បន្ថែមថា យន្ដហោះ B-2 ០៣គ្រឿង ព្រមទាំង​កងទ័ពអាកាស ២០០នាក់ នឹងត្រូវដាក់ឱ្យ​ឈរជើងនៅឯមូលដ្ឋាន​ទ័ពអាកាស Pearl Harbor-Hickam នៃរដ្ឋ​ហាវ៉ៃ។

គួរបញ្ជាក់ថា ការដាក់ពង្រាយ​យន្ដហោះទម្លាក់​គ្រាប់បែក B-2 ទៅកាន់​កោះហាវ៉ៃ ធ្វើឡើងក្រោម​ប្រតិបត្តិការ​ប្ដូរវេន ដើម្បីគាំទ្រដល់​បេសកកម្ម​របស់ទីបញ្ជាការ​​យុទ្ធសាស្ត្រនៃកងកម្លាំង​ទម្លាក់គ្រាប់បែក (Strategic Command’s Bomber Task Force (BTF) mission)។ តែទោះជា​យ៉ាងណាក៏ដោយ ការដាក់ពង្រាយ​យន្ដហោះទម្លាក់គ្រាប់​បែកនេះ កើតមានឡើង​នៅចំពេលដែលចិន​បានព្រមាន​ប្រើប្រាស់កម្លាំង​យោធាលើ​តៃវ៉ាន់ និងក្រោយ​មានសេចក្ដី​រាយការណ៍ថា យោធាចិនបាន​ដាក់ពង្រាយមីស៊ីល​បាលិស្ទីគ​រយៈចំងាយ​មធ្យម DF-26 នៅតំបន់​ពាយ័ព្យ​នៃប្រទេស​ ដែលអាចមានសមត្ថភាព​បាញ់​ដល់កោះ Guam របស់​សហរដ្ឋអាមេរិក៕