(ភ្នំពេញ)៖ «ការ​ចុះចត​យាន្តអវកាស​របស់​ប្រទេស ចិន ​នៅ​ផ្ទៃ​ម្ខាង​ទៀត​នៃ​ឋាន​ព្រះ​ច័ន្ទ ​គឺ​ជា​សមិទ្ធផល​ថ្មី​ខាង​ផ្នែក​បច្ចេកវិទ្យា ​ជា​សញ្ញា​មួយ​ផ្សេងទៀត​ដែល​បង្ហាញ​ពី​សមត្ថភាព និង​មហិច្ឆតា​របស់​ចិន» នេះ​ជា​ការ​លើកឡើងរបស់​សាស្ត្រាចារ្យ​ម្នាក់​ប្រចាំ​សាកលវិទ្យាល័យ Cameron។

កាល​ពី​សប្តាហ៍​មុន ប្រទេសចិនបានក្លាយជាប្រទេសទីបី ដែល​ធ្វើការ​ស៊ើប​អង្កេត​នៅ​លើ​ឋាន​ព្រះច័ន្ទ។ ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺ​​ប្រទេស ចិន ក្លាយ​ជា​ប្រទេស​ទី​មួយ​ដែល​បាន​ធ្វើ​ការ​សិក្សា​នៅ​លើ​ផ្ទៃ​ម្ខាង​ទៀត​នៃ​ព្រះច័ន្ទ ឬ​ហៅថាផ្នែកងងឹត ​ដែល​មនុស្ស​នៅ​លើ​ភព​ផែនដី​មិន​ធ្លាប់​បាន​ឃើញ​ទាល់​តែ​សោះ។ សមត្ថភាព​នៃការចុះចត​នៅ​​លើ​ផ្ទៃ​ងងឹត​នៃ​ភព​ព្រះច័ន្ទ​ គឺជាភាពជោគជ័យ​នៃ​បច្ចេកវិទ្យា​របស់​មួយ​ទៀត​របស់​ប្រទេស ចិន ដែល​ប្រទេសរុស្ស៊ី ឬសហរដ្ឋអាមេរិក មិន​ទាន់​ធ្វើ​បាន​នៅឡើយ។

ការ​ងារ​ស៊ើបអង្កេត នៃយាន្ត​អាវកាស Chang'e-4 គឺ​ជានិមិត្តរូបនៃភាព​រីកចម្រើន​នៃ​កម្មវិធីអវកាសចិន និង​ការ​ប្រមូល​ផ្តុំ​នូវ​សមត្ថភាព​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន​ខ្លួន​ឯង​ និង​សម្រាប់​ការ​ចង​ទំនាក់ទំនង​ជាមួយ​​ប្រទេស​មហាអំណាច​នៅ​ទូទាំងពិភពលោក។ ដំណឹង​ថ្មី​នេះកំពុង​បង្ក​ឱ្យ​សហរដ្ឋអាមេរិក​ ពិបាក​បើក​ភ្នែក​ទទួល​យក​ជាខ្លាំង ស្របពេលដែលរដ្ឋាភិបាល​​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​​លោក ដូណាល់ ត្រាំ ចាត់​ទុក​កម្មវិធី​អវកាស​ និង​ការ​រុករក​នានា​នៅ​លំហ​អាកាស​ក្នុង​ពេល​អនាគត​គឺ​​ជា​រឿង​ប្រកួត​ប្រជែង​ដ៏​សំខាន់។

កត្តា​ដ៏សំខាន់​មួយ​ដែល​បាន​ជំរុញ​គោលនយោបាយអវកាស​របស់​សហរដ្ឋអាមេរិក ក្នុង​ប្រវត្តិសាស្ត្រ គឺជាការប្រកួតប្រជែងជាមួយប្រទេសរុស្ស៊ី ជាពិសេសនៅក្នុងបរិបទនៃ​សម័យ​សង្រ្គាមត្រជាក់។ ប្រសិន​បើភាពជោគជ័យរបស់ប្រទេសចិន​បន្តកើនឡើងនោះ តើសហរដ្ឋអាមេរិក ​នឹង​បន្ត​ឥរិយាបទ​បែបណា?

* ភាគ​ជោគជ័យ​របស់​ប្រទេសចិន ក្នុង​លំហ​អាកាស

មិន​ខុសពី​សហរដ្ឋអាមេរិក និងរុស្ស៊ី សាធារណរដ្ឋប្រជាមានិតចិន បានប្រឡូក​ជា​លើកដំបូង​ក្នុងសកម្មភាព​អវកាស ក្នុងអំឡុង​​ដំណើរវិវឌ្ឍន៍​នៃ​គ្រាប់មីស៊ីលផ្លោង នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ ខណៈ​ទទួល​បាន​ជំនួយ​មួយ​ចំនួន​ពី​សហភាពសូវៀត ប្រទេសចិនបានអភិវឌ្ឍកម្មវិធីអវកាស​របស់​ខ្លួន​ដោយខ្លួនឯង​យ៉ាង​ជោគជ័យ។

ជាអកុសល​កម្មវិធី​អវកាស​នេះ ហាក់​មិនមានភាព​រលូន​រហូត​នោះទេ ជាក់ស្តែង លោក ម៉ៅ សេទុង អតីត​កំពូល​មេដឹកនាំ​​ចិន​ឆ្ពោះ​ទៅ​រក​ដំណើរមហា​លោតផ្លោះ និងបដិវត្ត​វប្បធម៌ ធ្លាប់​បាន​បង្អាក់រារាំង​កម្មវិធីនេះ។ ជាមួយ​គ្នា​នេះ ក្នុងឆ្នាំ ១៩៧៨ លោក តេងសៀវពីង បាន​លើកឡើង​ទាក់​ទង​នឹង​គោលនយោបាយអវកាស​របស់​ប្រទេស​ចិន ដោយ​បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ចិននឹងមិនចូលរួម​ក្នុង​ការប្រណាំង​ប្រជែង​ផ្នែក​អវកាស​ឡើយ។ ផ្ទុយទៅវិញកិច្ចខិតខំប្រឹងប្រែងអវកាសរបស់​ខ្លួន​ បានផ្ដោតលើទាំងការបាញ់បង្ហោះយាន​អវកាស និង​ផ្កាយរណប ដើម្បី​បម្រើ​ដល់​ផ្នែក​ទំនាក់ទំនង និងឧតុនិយម​ជា​ដើម។

សូម​រំឮក​ថា ប្រទេស ចិន ធ្លាប់​បានបាញ់បង្ហោះផ្កាយរណបដំបូងរបស់ខ្លួននៅឆ្នាំ១៩៧០។ បន្ទាប់មក​កម្មវិធីយានអវកាស​ផ្ទុក​មនុស្ស​ដំបូងត្រូវបានផ្អាក ដោយងាក​ទៅ​ផ្តោតលើកម្មវិធីផ្កាយរណប​ដែល​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម​ជំនួស​វិញ។ នេះមិនមែនមានន័យថាចិន មិនមាន​ការ​ខ្វាយខ្វល់​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​ក្លាយ​ជាមហាអំណាច​ផ្នែក​លំហអាកាស​នោះទេ។

នៅឆ្នាំ​១៩៩២ ប្រទេស ចិន ស្រាប់​តែ​ទទួល​ស្គាល់​ថា ស្ថានីយ៍​អវកាស គឺជា​និមិត្ត​សញ្ញា​ដ៏​សំខាន់ និងជាប្រភពនៃកិត្យានុភាព​​ថ្មី សម្រាប់​សតវត្សរ៍ទី២១។ ហេតុនេះ​ហើយ ទើប​កម្មវិធី​អវកាស មាន​ផ្ទុក​មនុស្ស ត្រូវបានដំណើរ​ការ​ឡើងវិញ រហូត​ឈាន​ដល់​ការ​ការអភិវឌ្ឍ​យាន្តអវកាស Shenzhou។ អាកាសយានិក​របស់​​ចិន​ដំបូង​បង្អស់ គឺ​លោក Yang Liwei ដែល​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ទៅ​លំហ​អាកាស​នៅឆ្នាំ ២០០៣។ សរុបមកបេសកកម្ម យាន្តអវកាស Shenzhou ចំនួន៦លើក បាន​បញ្ជូន​អាកាសយានិក​ចំនួន​១២រូប ទៅ​កាន់​ក្នុងគន្លងគោចរ​ទាប​របស់​ផែនដី ក្នុង​នោះ​ពីរ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្ថានីយ៍​អវកាស Tiangong-1 ផងដែរ។

ក្រៅពី​ការ​បញ្ជូន​អាកាសយានិក​ទៅ​លំហអាកាស ប្រទេស ចិនក៏បានអនុវត្តបេសកកម្មវិទ្យាសាស្ត្រដូចជា យាន្តអវកាស Chang'e-4 ជាដើម។ បេសកកម្មលើកទី​១​ទៅកាន់​គន្លង​គោ​ចរ​របស់​ព្រះចន្ទ គឺ យាន្តអវកាស Chang'e-1 បានធ្វើ​ឡើង​កាលពី​ខែតុលា ឆ្នាំ២០០៧​កន្លងទៅនេះ ហើយយាននេះបានចុះចតនៅលើ​ផ្ទៃ​ព្រះច័ន្ទក្នុងឆ្នាំ២០១៣។ ផែនការនាពេលអនាគតរបស់​ប្រទេស ចិន​ អាចរួមមាន​ស្ថានីយ៍អវកាសថ្មី ការ​ដាក់​មូលដ្ឋាន​លើ​ស្ថាន​ព្រះចន្ទ និង​បេសកកម្ម​យក​គំរូ​ស្លាកស្មាម​ត្រឡប់ពីភពព្រះអង្គារ។

តើ​នេះ​ជា​សម័យ​កាល​នៃ​ការ​ប្រណាំង​ប្រជែង​ផ្នែក​លំហអាកាស​ជា​ថ្មី?​

លក្ខណៈពិសេសគួរឱ្យកត់សម្គាល់បំផុតនៃកម្មវិធីអវកាសចិន ជាពិសេសបើប្រៀបធៀបទៅនឹងកម្មវិធី​លំហអាកាស​របស់​សហរដ្ឋអាមេរិក និងរុស្ស៊ីដំបូង គឺ​ទាក់ទង​នឹង​​ល្បឿន និង​ស្ថិរភាព​របស់​វា។​ ដោយ​សារ​តែ​មាន​ការ​សម្ងាត់​ជា​ច្រើន ត្រូវ​លាក់​បាំង​​ជុំវិញ​កម្មវិធី​លំហអាកាស​នេះ​ ទើប​សមត្ថភាព​របស់​ប្រទេស ចិន លើ​ផ្នែក​លំហអាកាស​មិន​ទាន់​មាន​អ្នក​អាច​វាស់ស្ទង់​បាន​ច្បាស់​នៅឡើយ។ យ៉ាង​នេះក្តី គេសន្និដ្ឋាន​ថា សមត្ថភាព​របស់​ប្រទេស​ ចិន លើ​កម្មវិធីនេះ ទំនងជា​មិន​ចាញ់​​ដៃគូ​ប្រកួត​របស់​ខ្លួន​។

ខណៈការប្រកួតប្រជែងអាចនាំទៅរកការជឿនលឿនខាងបច្ចេកវិទ្យា ក្លាយ​ជា​អ្នក​នាំ​មុខ​ផ្នែក​លំហអាកាស ជា​អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​គេ​លើ​សាកលលោក​ក្នុង​ការរុករក​លើ​លំហអាកាស​ វា​ក៏​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍​មិន​មែន​ត្រឹមតែ​អាច​ជួយ​សង្គ្រោះ​ដល់​អវកាសយានិក​ ដែលជាប់​គាំង​លើ​លំហ​អាកាស​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​បាន​បង្កើនចំណេះដឹង​អំពី​សាកលលោក​ដែល​មនុស្ស​លោក​កំពុង​រស់នៅ​ផងដែរ។ ទោះបីប្រទេស ចិន​ កំពុង​មាន​ភាព​ឈាន​មុខ​​ក្នុង​ការ​ប្រណាំង​ប្រជែង​ផ្នែក​អវកាស​ថ្មី​ក្តី មិនមែន​មានន័យ​ថា លទ្ធផល​ដែល​ហុច​មក​​សុទ្ធ​តែ​អវិជ្ជមាន​ទាំង​អស់​នោះទេ៕