(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោកស្រី Theresa May នឹងព្យាយាមបង្ខំឲ្យសភាធ្វើការបោះឆ្នោតជាលើកទីពីរលើកិច្ចព្រមព្រៀងដកប្រទេសលោកស្រីចេញពីសហភាពអឺរ៉ុប (Brexit) ខណៈលោកស្រីកំពុងប្រឈមមុខនឹងភាពបរាជ័យក្នុងការបោះឆ្នោតនាថ្ងៃអង្គារនេះ។ នេះបើតាមការសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sun មន្រ្តីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលអង់គ្លេសបានបង្ហើបឲ្យដឹងថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានហុចដៃជួយលោកស្រី May ក្នុងនាទីចុងក្រោយតាមរយៈការបញ្ជាក់ថា សហភាពអឺរ៉ុបអាចផ្តល់សម្បទានបន្ថែមទៀត ពោលគឺអាចមានការចរចាគ្នាជាថ្មី ប្រសិនបើសមាជិកសភាអង់គ្លេសសម្រេចបោះឆ្នោតមិនទទួលយកកិច្ចព្រមព្រៀង Brexit របស់លោកស្រី May។
គួរជម្រាបថា សភាចក្រភពអង់គ្លេសត្រូវគេរំពឹងថា នឹងបោះឆ្នោតជំទាស់នឹងកិច្ចព្រមព្រៀង Brexit ដែលលោកស្រី May បានខិតខំចរចានាពេលកន្លងមកនេះជាមួយសហភាពអឺរ៉ុប។ អង់គ្លេសនឹងត្រូវដកខ្លួនចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ខណៈ ប្រសិនបើលក្ខខណ្ឌនានា នៅក្នុងដំណើរការដកខ្លួនចេញពីនេះ ពុំត្រូវបានព្រមព្រៀងគ្នា ហើយពុំមានការចាត់វិធានការផ្សេងទៀតទេនោះ ទំនាក់ទំនងទាំងអស់នឹងត្រូវកាត់ផ្តាច់ភ្លាមៗ គឺមានន័យថាវាជា Brexit ពុំមានកិច្ចព្រមព្រៀងរវាងគ្នា ដែលលោកស្រី May ធ្លាប់បានព្រមានថានឹងប៉ះពាល់ជាខ្លាំងដល់ចក្រភពអង់គ្លេស៕