(ប៉េកាំង)៖ នាយកប្រតិបត្តិ (CEO) Huawei លោក រិន ចេងហ្វី (Ren Zhengfei) បាននិយាយថា ក្រុមហ៊ុនរបស់លោកមិនមែនកំពុងធ្វើចារកម្មឱ្យរដ្ឋាភិបាលចិននោះទេ ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងបានកោតសរសើរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៀតផង បើទោះជាកំពុងរងសម្ពាធពីទីក្រុងវ៉ាស៊ីនតោនរឿងបច្ចេកវិទ្យា 5G រីឯកូនស្រីត្រូវបានគេចាប់ខ្លួននៅកាណាដាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។
CEO និងជាស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei ធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងបទសម្ភាសន៍ដ៏កកម្រមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយតំណាងសារព័ត៌មានអន្តរជាតិនានា។ នាឱកាសនោះលោក Ren បានបង្ហាញការព្រួយបារម្ភជាខ្លាំង ជុំវិញការព្រមានរបស់សហរដ្ឋអាមេរិកដែលថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងអនុញ្ញាតរដ្ឋាភិបាលទីក្រុងប៉េកាំង ចូលយកទិន្នន័យរបស់អតិថិជន។ បន្ថែមពីលើនេះជាការឆ្លើយតប CEO រូបនេះបានអះអាងថា ក្រុមហ៊ុន Huawei មិនដែលអនុញ្ញាតឱ្យរដ្ឋាភិបាលចិន ចូលយកទិន្នន័យនៃអតិថិជនរបស់ខ្លួននោះទេ។
លោក Ren បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានប្ដេជ្ញាចិត្តនៅជាមួយអតិថិជនរបស់យើង ដើម្បីការពារព័ត៌មានឯកជនរបស់ពួកគេ ក៏ដូចជាប្រយុទ្ធប្រឆាំងជានិច្ចនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យា... ហើយក៏នឹងមិនបំផ្លាញប្រជាជាតិណាមួយ ឬបុគ្គលណាម្នាក់នោះដែរ។ ម្យ៉ាងវិញទៀតសម្រាប់លោកប្រធានាធិបតី ត្រាំ ក្នុងនាមជាបុរសម្នាក់ ខ្ញុំនៅតែជឿជាក់ថា លោកគឺជាប្រធានាធិបតីដ៏អសា្ចរ្យម្នាក់... ពោលគឺក្នុងន័យនេះ ខ្ញុំយល់ថា លោកនឹងមានភាពកា្លហានក្នុងការកាត់បន្ថយពន្ធ ដែលអាចនឹងជួយសម្រួលដល់ការអភិវឌ្ឍ នៃឧស្សហកម្មទាំងឡាយក្នុងសហរដ្ឋអាមេរិក»។
គួរជម្រាបថា បើតាមលោក Ren Zhengfei នៅក្នុងឆ្នាំ២០១៩ នេះគឺនឹងក្លាយជាឆ្នាំដ៏ពិបាកសម្រាប់ Huawei ពីព្រោះវាមានកាន់តែមានការប្រកួតប្រជែងខ្លាំង និងកាន់តែលំបាកនៅក្នុងទីផ្សារអន្តរជាតិ ហើយនេះក៏ជាហេតុផលមួយដែលលោកផ្ទាល់មើលឃើញថា កំណើនប្រាក់ចំណូលរបស់ Huawei អាចនឹងមានទាបជាងការរំពឹងទុក ២០ភាគរយផងដែរ៕