(វៀងច័ន្ទ)៖ ក្បួនព្យុហយាត្រាយោធាដ៏ធំមួយ ត្រូវបានប្រារព្ធឡើងនៅក្នុងរដ្ឋធានីវៀងច័ន្ទនាថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីអបអរខួបទី ៧០ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនឡាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ក្នុងអំឡុងពិធីខាងលើមានការបង្ហាញនូវសព្វាវុធជាច្រើនប្រភេទ ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ រថក្រោះ T-72 និងរថពាសដែក BRDM-2M របស់ប្រទេសរុស្ស៊ី។ បច្ចុប្បន្នរុស្ស៊ីកំពុងធ្វើការផ្គត់ផ្គង់បរិក្ខាយោធា និងសព្វាវុធមកឲ្យឡាវនៅក្រោមកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ សយហ្គូ (Sergey Shoigu) មកកាន់ប្រទេសឡាវកាលពីខែមករា ឆ្នាំ២០១៨។
គួរជម្រាបថា ទីក្រុងវៀងច័ន្ទ និងម៉ូស្គូបានផ្សាភ្ជាប់ទំនាក់ទំនងល្អនឹងគ្នាតាំងតែពីសម័យអតីតសហភាពសូវៀតមកម្ល៉េះ នៅពេលប្រទេសទាំងពីរបានបង្កើតចំណងទាក់ទងជិតស្និទ្ធដំបូង ក្នុងអំឡុងសម័យសង្រ្គាមត្រជាក់។ បច្ចុប្បន្នឡាវក៏មានទំនាក់ទំនងជិតស្និទ្ធខ្លាំង ជាមួយប្រទេសចិនផងដែរ ខណៈការវិនិយោគចិនក្នុងប្រទេសអាស៊ានមួយនេះ មានការកើនឡើងយ៉ាងគំហុក៕