(វៀងច័ន្ទ)៖ ប្រធានាធិបតីឡាវ លោក Bounnhang Vorachit បានអំពាវនាវដល់កងទ័ពឡាវឲ្យប្រឹងប្រែងបង្កើនសមត្ថភាព និងត្រៀមលក្ខណៈដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការថែរក្សាការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសឡាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
លោក Bounnhang បានធ្វើការលើកឡើងបែបនេះ ក្នុងឱកាសអបអរខួប៧០ឆ្នាំនៃការបង្កើតកងទ័ពឡាវ (២០ មករា ១៩៤៩-២០ មករា ២០១៩) នៅសាកលវិទ្យាល័យយោធា Kommadam ក្នុងខេត្តវៀងច័ន្ទកាលពីថ្ងៃអាទិត្យម្សិលមិញ។ លោកប្រធានាធិបតីឡាវ ក៏បានសង្កត់ធ្ងន់ផងដែរ តម្រូវការចាំបាច់នៃការពង្រឹងសមត្ថភាពយោធា តាមរយៈការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកនាំ ការធ្វើសមយុទ្ធ និងការប្រើប្រាស់បច្ចេកទេសទំនើបថ្មី។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យ ពិធីព្យុហយាត្រាធំមួយត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីគ្រប់កងអង្គភាពនៃកម្លាំងយោធាប្រដាប់អាវុធឡាវ រួមមានទាំងកងទ័ពអាកាស ព្រមទាំងវត្តមាននៃបរិក្ខាយោធាទំនើបៗ ដូចជារថក្រោះ រថពាសដែក សព្វាវុធ និងប្រព័ន្ធការពារដែនអាកាស ក៏ដូចជាការហោះហើរដោយក្រុមយន្តហោះចម្បាំង៕