(ប៉េកាំង)៖ ក្នុងឆ្នាំ២០១៨ នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក សេដ្ឋកិច្ចចិនមានកំណើន៦.៦ភាគរយ ដែលជាសន្ទុះយឺតបំផុតរបស់មហាយក្សនៅអាស៊ីមួយនេះ បើគិតក្នុងអំឡុងពេលជិតបីទសវត្សរ៍កន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ក្រោយពីមានសន្ទុះសេដ្ឋកិច្ចកើនឡើងជាច្រើនឆ្នាំរហូតមក មហាអំណាចសេដ្ឋកិច្ចពិភពលោកលេខពីរមួយនេះ ហាក់ដូចជាកំពុងមានការថមថយទៅវិញ។ បើតាមទិន្នន័យផ្លូវការពីការិយាល័យជាតិស្ថិតិនៃប្រទេសចិន កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ គឺជាអត្រាសន្ទុះយឺតបំផុតរបស់ចិន គិតចាប់តាំងពីឆ្នាំ១៩៩០មក ហើយវាគឺជាការធ្លាក់ចុះពីកំណើនសេដ្ឋកិច្ច៦.៨ភាគរយកាលពីឆ្នាំ២០១៧។
ក្រុមមន្រ្តីតាក់តែងគោលនយោបាយចិន ត្រូវគេរំពឹងថានឹងខំប្រឹងបង្កើនការគាំទ្រដល់សេដ្ឋកិច្ចជាតិក្នុងឆ្នាំនេះ ដើម្បីបញ្ចៀសការធ្លាក់សន្ទុះកាន់តែខ្លាំងថែមទៀត ប៉ុន្តែក្រុមអ្នកវិភាគបានវាយតម្លៃថា សកម្មភាពសេដ្ឋកិច្ចប្រហែលជាមិនទាន់អាចមានស្ថិរភាពវិញឡើយរហូតទាល់តែដល់រដូវក្តៅ ខណៈប្រការនេះនឹងដាក់សម្ពាធឲ្យទីក្រុងប៉េកាំងព្យាយាមស្វែងរកកិច្ចព្រមព្រៀងឲ្យបានឆាប់រហ័សជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម។
លោក Ning Jizhe ប្រធានការិយាល័យជាតិស្ថិតិចិន បានលើកឡើងថា បញ្ហាជម្លោះចិន-អាមេរិកពិតជាកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចចិនមែន ប៉ុន្តែទំហំនៃការប៉ះពាល់គឺអាចគ្រប់គ្រងបាន។ លោក Ning បានលើកឡើងថា ប្រទេសចិនមានទំនុកចិត្តនិងសមត្ថភាពខ្ពស់ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ប្រសើរក្នុងឆ្នាំនេះ ខណៈដែលការថយចុះនៃសន្ទុះសេដ្ឋកិច្ចក៏បានបង្ហាញសញ្ញាខ្លះៗនៃការមានស្ថិរភាពឡើងវិញផងដែរ ក្នុងអំឡុងរយៈពេលពីរខែកន្លងទៅ៕