(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនឹងធ្វើការបោះឆ្នោតសម្រេចទៅលើសេចក្តីព្រាងថវិកាចំនួនពីរ ក្រោមគោលបំណងព្យាយាមបញ្ចប់ការបិទទ្វាររដ្ឋាភិបាល ដែលបានអូសបន្លាយជាងមួយខែមកហើយ។ នេះបើតាមក្រុមព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
នៅក្រោមការព្រមព្រៀងគ្នាដែលសម្រេចបានដោយ មេដឹកនាំបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា លោក មីជ ម៉ាខុនណែល (Mitch McConnell) និងមេដឹកនាំបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភា លោក ឆាក់ ស្គូមើរ (Chuck Schumer) ព្រឹទ្ធសភាអាមេរិកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងបោះឆ្នោតជ្រើសរើសមួយក្នុងចំណោមសេចក្តីព្រាងថវិកាទាំងពីរខាងលើ។ ក្នុងនោះមួយរួមមាននូវថវិកា៥.៧ពាន់លានដុល្លារ ដែលស្នើឡើងដោយលោក ដូណាល់ ត្រាំ ដើម្បីសាងសង់ជញ្ជាំងនៅព្រំដែនភាគខាងត្បូង រីឯមួយទៀតនឹងឧបត្ថម្ភថវិកាដល់បណ្តាស្ថាប័នរដ្ឋ ដែលប៉ះពាល់ដោយការបិទទ្វាររដ្ឋាភិបាល រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ។
កន្លងមកនេះ ក្រុមមន្រ្តីបក្សសាធារណរដ្ឋដែលឈរនៅខាងលោក ដូណាល់ ត្រាំ បានទទូចថា សេចក្តីព្រាងច្បាប់នានាដែលមានគោលដៅ បើកទ្វាររដ្ឋាភិបាលឡើងវិញត្រូវមានបញ្ចូលនូវថវិកាសម្រាប់សាងសង់ជញ្ជាំងព្រំដែន ខណៈមន្រ្តីបក្សប្រជាធិបតេយ្យបានទាមទារម្តងហើយម្តងទៀតថា សភាគួរតែបើកទ្វាររដ្ឋាភិបាលជាមុនសិន ហើយបន្ទាប់មកចាំភាគីទាំងពីរជជែកគ្នា ជុំវិញបញ្ហាសន្តិសុខព្រំដែនតាមក្រោយ។
គួរជម្រាបថា មកទល់ពេលនេះ ការបិទទ្វាររដ្ឋាភិបាលអាមេរិកខាងលើ មានរយៈពេលយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ គឺបានចូលដល់ថ្ងៃទី៣២ហើយ ខណៈបុគ្គលិករដ្ឋប្រមាណ ៤២០,០០០នាក់ត្រូវធ្វើការដោយពុំទទួលបានប្រាក់ឈ្នួល និង ៣៨០,០០០នាក់ត្រូវផ្អាកការងារ៕