(ប៉េកាំង)៖ ក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសលេខ ១ ដែលប្រជាជនចិនបានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ច្រើនជាងគេបង្អស់ ទៅលើវិស័យអចលនទ្រព្យ ខណៈប្រទេសថៃវិញបានជាប់ជាគោលដៅពេញនិយមបំផុត សម្រាប់អ្នកទិញអចលនទ្រព្យចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នារសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
បើតាមលោកស្រី ខារី ឡរ (Carrie Law) ប្រធានក្រុមហ៊ុន ជូវ៉ៃ (Juwai) ដែលជាវែបសាយដ៏ល្បីនៅឯប្រទេសចិន ខាងផ្នែកអចលនទ្រព្យបានឲ្យដឹងថា ថៃនឹងបន្តជាប្រទេសដ៏ពេញនិយមជាងគេដដែលនៅក្នុងឆ្នាំ២០១៩នេះ សម្រាប់ជនជាតិចិនដែលចង់ទិញអចលនទ្រព្យ។
លោកស្រី Carrie Law បានបន្តទៀតថា ការមានជម្រើសច្រើនក្នុងការជ្រើសរើសតម្លៃអចលនទ្រព្យ ព្រមទាំងការអភិវឌ្ឍកាន់តែជឿនលឿននៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសថៃ កំពុងធ្វើឲ្យប្រជាជនចិនមានទំនុកចិត្តកាន់តែរឹងមាំ ទៅលើសក្តានុពលសេដ្ឋកិច្ចរបស់ថៃក្នុងរយៈពេលវែង។ ម៉្យាងវិញទៀតភាពតានតឹងនៃទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក ក៏អាចជាកត្តាជំរុញដ៏សំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋចិនផ្លាស់ប្តូរចំណាប់អារម្មណ៍ ពីសហរដ្ឋអាមេរិកទៅលើប្រទេសថៃវិញផងដែរ។
ដោយជាប់ចំណាត់ថ្នាក់ត្រឹមលេខ ៦ ប៉ុណ្ណោះនៃគោលដៅពេញនិយមជាងគេ កាលឆ្នាំ២០១៦ ថៃបានលោតដល់លេខរៀងទី ៣ នៅឆ្នាំ២០១៧ មុនពេលឡើងដល់លំដាប់កំពូលផុតគេកាលពីឆ្នាំ២០១៨ និងតាមពីក្រោយដោយអូស្រ្តាលី អាមេរិក កាណាដា និងចក្រភពអង់គ្លេស។ សម្រាប់ទីក្រុងចំនួន ៦ ក្នុងប្រទេសថៃដែលមានការស្វែងរកច្រើនជាងគេនៅលើវែបសាយ Juwai.com គឺរាជធានីបាងកក, ក្រុងប៉ាតតាយ៉ា (Pattaya), ឈៀងម៉ៃ (Chiange Mai), ភូកេត (Phuket), សាត់តាហ៊ីប (Sattahip), និងសាមុយ (Samui)។
គួរជម្រាបថា បើគិតពីទំហំទឹកប្រាក់សរុប នៃការវិនិយោគលើវិស័យអចលនទ្រព្យនៅក្រៅប្រទេសរបស់ប្រជាជនចិនវិញ គឺថៃឈរនៅលំដាប់ទី ៣ (២.៣ពាន់លានដុល្លារអាមេរិក) រីឯលេខរៀងទី ១ គឺសហរដ្ឋអាមេរិក (៣០.៤ពាន់លានដុល្លារអាមេរិក), ទី ២ អូស្រ្តាលី (១៤.១ពាន់លានដុល្លារអាមេរិក), និងទី ៤ ម៉ាឡេស៊ី (២ពាន់លានដុល្លារអាមេរិក)៕