(បាងកក)៖ នៅទីបំផុតកាលបរិច្ឆេទជាក់លាក់ នៃការរៀបចំការបោះឆ្នោតជាតិនៅក្នុងប្រទេសថៃ ត្រូវបានប្រកាសចេញជាផ្លូវការហើយនៅមុននេះបន្តិច ដោយគណកម្មការរៀបចំការបោះឆ្នោតថៃ ដោយសម្រេចយកថ្ងៃទី២៤ ខែមីនា ខាងមុខនេះជាថ្ងៃបោះឆ្នោតសកល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Nikkei Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។
ការប្រកាសអំពីកាលបរិច្ឆេទពិតប្រាកដនេះ ត្រូវបានធ្វើឡើងដោយគណកម្មការរៀបចំការបោះឆ្នោតប្រទេសថៃ បន្ទាប់ពីប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថៃព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ត្រូវបានចេញផ្សាយដោយក្នុងនោះទ្រង់បានត្រាស់បង្គាប់ឲ្យមាន ការរៀបចំការបោះឆ្នោតជាផ្លូវការនៅក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែពុំបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទច្បាស់លាស់នោះឡើយ ទើបបានធ្វើឲ្យមហាជនថៃនៅមានភាពមន្ទិលដដែល។
បន្ទាប់ពីការប្រកាសរាជក្រឹត្យខាងលើនេះ រដ្ឋាភិបាលថៃដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យគ្រប់បក្សនយោបាយទាំងអស់ ចាប់ផ្តើមរៀបចំធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជាផ្លូវការ ហើយរដ្ឋាភិបាលក៏បានណែនាំផងដែរឲ្យប្រជាពលរដ្ឋ និងបក្សនយោបាយនានារបស់ថៃ ចាប់ផ្តើមដំណើរការរបស់ខ្លួន ប្រកបដោយភាពចាស់ទុំផ្នែកនយោបាយ។
គួរជម្រាបថា ការបោះឆ្នោតសាកលនាឆ្នាំ២០១៩នេះ នឹងក្លាយជាការបោះឆ្នោតតាមបែបលទ្ធប្រជាធិបតេយ្យលើកដំបូង គិតចាប់តាំងពីរដ្ឋាភិបាលយោធាសព្វថ្ងៃ បានធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីជិត០៥ឆ្នាំមុន (កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤)៕