(ការ៉ាកាស់)៖ ខណៈស្ថានការណ៍នៅក្នុងប្រទេសកាន់តែមានភាពផុយស្រួយនោះ កងទ័ពវេណេស៊ុយអេឡា ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចេញមុខបង្ហាញការគាំទ្រ និងការពាររដ្ឋាភិបាលរបស់ខ្លួន ប្រឆាំងទៅនឹងប្រធានបក្សប្រឆាំងដែលត្រូវបានអាមេរិកប្រកាសទទួលស្គាល់ ជាប្រធានាធិបតីវេណេស៊ុយអេឡា ព្រមទាំងការអំពាវនាវថែមទៀត ឲ្យក្រុមបក្សប្រឆាំងនៅប្រទេសអាមេរិកឡាទីនមួយ បង្កើតរដ្ឋាភិបាលអន្តរកាលនោះ។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។
សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡាលោក វ្ល៉ាឌីមៀ ផាឌ្រីណូ (Vladimir Padrino) នៅថ្ងៃពុធសប្តាហ៍នេះ។ ក្នុងនាមជាប្រមុខកងកម្លាំងយោធាវេណេស៊ុយអេឡាលោក ផាឌ្រីណា បានអះអាងថា នឹងការរដ្ឋធម្មនុញ្ញនៃប្រទេសវេណេស៊ុយអេឡា និងអធិបតេយ្យភាពជាតិ។ ទោះបីជាលោកមិនបានបញ្ជាក់ចំៗឈ្មោះក៏ដោយ ប៉ុន្តែសារនៅក្នុងបណ្តាញសង្គម Twitter របស់លោកពេលនេះត្រូវបានគេមើលឃើញថា ជាការសំដៅទៅលើលោក ចូអាន ហ្គៃដូ (Juan Guaido) មេបក្សប្រឆាំងវេណេស៊ុយអេឡា ដែលទើបត្រូវបានសហរដ្ឋអាមេរិកប្រកាសគាំទ្រដោយខុសច្បាប់ឲ្យធ្វើជាប្រធានាធិបតីវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា រដ្ឋាភិបាលវេណេស៊ុយអេឡាបានចាត់ទុកការទទួលស្គាល់លោក Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡានោះ គឺជាទង្វើបំពានធ្ងន់ធ្ងរចំពោះរដ្ឋធម្មនុញ្ញនៃប្រទេស ហើយទីក្រុងការ៉ាកាស់បានចោទថា សហរដ្ឋអាមេរិកកំពុងតែមានចេតនាធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីស្របច្បាប់ គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាចថែមទៀតផង។ នៅថ្ងៃពុធសប្តាហ៍នេះវេណេស៊ុយអេឡាបានសម្រេចកាត់ផ្តាច់ចំណងការទូត និងនយោបាយទាំងអស់ជាមួយអាមេរិក ដោយបានទុកពេល ៧២ម៉ោង ឲ្យមន្ត្រីទូតអាមេរិកទាំងអស់វេចបង្វិចចាកចេញពីប្រទេសអាមេរិកឡាទីនមួយនេះ៕