(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយ សហរដ្ឋអាមេរិកហើយ និងទុកពេល៧២ម៉ោងដើម្បីឱ្យមន្ត្រីទូតអាមេរិក វេចបង្វិចចេញពីប្រទេស។ ការសម្រេចចិត្តនេះធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនប្រកាសទទួលស្គាល់មេបក្សប្រឆាំង លោក Juan Guaidó ជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា។

តើការប្រកាសទទួលស្គាល់លោក Guaidó ជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡានឹងក្លាយជាទីបញ្ចប់របស់​លោក ម៉ាឌូរ៉ូ ឬ? សំណួនេះគេមិនទាន់មានចម្លើយពិតប្រាកដនៅឡើយទេ ប៉ុន្តែបើតាមអ្នកជំនាញមួយអនាគតលោក ម៉ាឌូរ៉ូ នៅពេលនេះគឺអាស្រ័យលើយោធាវេណស៊ុយអេឡា។

តើមានអ្វីកើតឡើងនៅក្នុងទីក្រុងការ៉ាកាស់?

ប្រជាជនវេណេស៊ុយអេឡា កាលពីថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់) បានចូលរួមក្នុងពិធីជួបជុំមួយក្នុងទីក្រុងការ៉ាកាស់ កាលពីថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់) ដើម្បីបង្ហាញការគាំទ្រដល់លោក Guaidó។ ថ្លែងនាឱកាសនោះដែរ មេដឹកនាំបក្សប្រឆាំងរូបនេះ និងបច្ចុប្បន្នជាប្រធានសភាជាតិវេណេស៊ុយអេឡា បានប្រាប់អ្នកគាំទ្រថាបាតុកម្មតវ៉ានឹងត្រូវធ្វើឡើងរហូតដល់វេណេស៊ុយអេឡា ត្រូវបានរំដោះ។ លោក Guaidó ក៏បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទីផងដែរ ជាមួយការសន្យាថានឹងដឹកនាំរដ្ឋាភិបាលអន្តរកាលមួយឆ្ពោះទៅរកការបោះឆ្នោតដោយសេរី ហើយមិនតែប៉ុណ្ណោះលោកថែមបាន អំពាវនាវឱ្យយោធាដែលបច្ចុប្បន្នកំពុងគាំទ្រលោក ម៉ាឌូរ៉ូ ឈប់ធ្វើតាមបញ្ជារបស់រដ្ឋាភិបាលទីក្រុងការ៉ាកាស់ទៀតផង។

ប៉ុន្តែគួរឱ្យកត់សម្គាល់ បើតាមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកជាច្រើន ក្រោយការប្រកាសរបស់លោក Guaidó ភ្លាមបាតុកម្ម តវ៉ាបានផ្ទុះឡើងភ្លាមដែរ ខណៈមនុស្ស១៤នាក់ត្រូវបានគេបាញ់សម្លាប់។

តើសហរដ្ឋអាមេរិកឆ្លើយតបយ៉ាងដូចម្ដេច?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់លោក Guaidó ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ស្របច្បាប់ ហើយហៅលោកម៉ាឌូរ៉ូថាប្រធានាធិបតីខុសច្បាប់។ បន្ថែមពីលើនេះលោក ត្រាំ បានជម្រុញឱ្យប្រជាជន វេណេស៊ុយអេឡា មានភាពក្លាហានបញ្ចេញសំឡេងប្រឆាំងនឹងលោក ម៉ាឌូរ៉ូ ព្រមទាំងព្រមានលោក ម៉ាឌូរ៉ូ កុំឱ្យគំរាមកំហែង ដល់ប្រជាជនវេណេស៊ុយអេឡាជាដាច់ខាត បើពុំដូច្នោះនឹងត្រួវប្រឈមមុខនឹងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

ចុះប្រជាជាតិដទៃមានប្រតិកម្មយ៉ាងដូចម្ដេចចំពោះការអំពាវនាវរបស់លោក ត្រាំ?
​បណ្ដាប្រទេសចំនួន៧ ក្នុងតំបន់អាមេរិកឡាទីន រួមមានប្រេស៊ីល កូឡុំប៊ី ឈីលី ប៉េរូ អេក្វាឌ័រ អាហ្សង់ទីន និងប៉ារ៉ាហ្កាយ បានប្រកាសទទួលស្គាល់លោក Guaidó ប្រធានាធិបតីស្របច្បាប់ ក្រោយការទទួលស្គាល់របស់លោក ត្រាំ ខណៈកាណាដាក៏បាន ទទួលស្គាល់លោកដែរ រីឯសហភាពអឺរ៉ុបបានអំពាវនាវឱ្យមានការបោះឆ្នោតជាថ្មីឡើងវិញ។ ប៉ុន្តែទន្ទឹមគ្នាប្រទេសគុយបា ម៉ិចស៊ីកូ បូលីវី និងតួកគី បានប្រកាសគាំទ្រលោក ម៉ាឌូរ៉ូ ដែលមានចិន និងរុស្ស៊ីជាបង្អែកស្រាប់។

លោក ម៉ាឌូរ៉ូ ចោទថាសហរដ្ឋអាមេរិក កំពុងព្យាយាមទម្លាក់លោកពីអំណាច

ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក ម៉ាឌូរ៉ូ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនត្រង់ៗថា កំពុងព្យាយាមគ្រប់គ្រង វេណេស៊ុយអេឡា ហើយចោទថា ក្រុមប្រឆាំងកំពុងព្យាយាមធ្វើរដ្ឋប្រហារទម្លាក់ លោកពីតំណែង។ ចំណែកឯ​រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino ក៏បានថ្កោលទោសផងដែរលើលោក Guaidó សម្រាប់ការអំពាវនាវាឱ្យកងទ័ពជាតិងើបប្រឆាំងនឹងរដ្ឋភិបាលស្របច្បាប់។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញជាច្រើនយល់ថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា គឺអាស្រ័យទៅលើយោធា ពោលគឺបើយោធានៅខាងណាអ្នកនោះគឺជាអ្នកឈ្នះ។

គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងគាំទ្ររបស់លោកជឿជាក់ថា បញ្ហាទាំងឡាយនៅក្នុងប្រទេសវេណេស៊ុយអេឡា គឺបង្កឡើងដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ខណៈប្រទេសជាអតីតសេដ្ឋីប្រេង ក្នុងតំបន់អាមេរិកឡាទីនមួយនេះ ជំពាក់បំណុលបរទេសវ័នករ រីឯអាត្រាអតិផរណាប្រចំាឆ្នាំកើនដល់ ១,៣០០,០០០ភាគរយ ក្នុងរយៈពេល១២ខែ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ នេះបើតាមការសិក្សារបស់សភាជាតិវេណេស៊ុយអេឡា៕

ប្រភព៖ BBC (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩)