(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះបញ្ហាបិទទ្វាររដ្ឋាភិបាលអាមេរិក នៅតែមិនទាន់អាចរកច្រកចេញរួចដដែល បន្ទាប់ពីសេចក្តីព្រាងច្បាប់ចំនួនពីរដែលសំដៅដោះស្រាយបញ្ហានេះបានទទួលបរាជ័យ ក្នុងការបោះឆ្នោតសម្រេចនៅឯព្រឹទ្ធសភាអាមេរិកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
សេចក្តីព្រាងច្បាប់មួយដែលគាំទ្រដោយបក្សប្រជាធិបតេយ្យ និងមានគោលដៅផ្តល់ថវិកាទ្រទ្រង់ដល់ស្ថាប័នរដ្ឋឡើងវិញ ជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី០៨ ខែកុម្ភៈនោះ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៥២សំឡេងទល់នឹងប្រឆាំងចំនួន ៤៤សំឡេងក្នុងព្រឹទ្ធសភា រីឯសេចក្តីព្រាងច្បាប់មួយទៀតដែលគាំទ្រដោយសេតវិមាន និងរួមមាននូវប្រាក់ជាង ០៥ពាន់លានដុល្លារ សម្រាប់ការសង់ជញ្ជាំងព្រំដែនវិញ ទទួលបានសំឡេងគាំទ្រ ៥១សំឡេងទល់នឹងប្រឆាំង ៤៧សំឡេង ដែលវាមានន័យថា សេចក្តីព្រាងច្បាប់ទាំងពីរនេះត្រូវបរាជ័យ ព្រោះវាត្រូវការគាំទ្រចាប់ពី ៦០សំឡេងឡើងទៅទើបអាចត្រូវអនុម័ត។
គួរជម្រាបថា ក្រោយការបរាជ័យនេះ ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋបានបន្ទោសគ្នាទៅវិញទៅមក ចំពោះការបិទទ្វាររដ្ឋាភិបាល។ យ៉ាងណាមិញ ព្រឹទ្ធសភាអាមេរិកនឹងត្រូវធ្វើការខិតខំប្រឹងប្រែងឡើងវិញ ដើម្បីស្វែងរកការព្រមព្រៀងជុំវិញការចង់បានជញ្ជាំងព្រំដែនរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងការបើកទ្វាររដ្ឋាភិបាល ដែលមកទល់ពេលនេះបានបិទទ្វារឈានចូលថ្ងៃទី ៣៤ហើយ៕