(ការ៉ាកាស់)៖ ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យបុគ្គលិកទូតរបស់ខ្លួនមួយចំនួន និងពលរដ្ឋអាមេរិកដែលកំពុងស្ថិតនៅក្នុងប្រទេសវេណេស៊ុយអេឡា ចាកចេញពីប្រទេសនេះជាបន្ទាន់ ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់ ដោយពេលនេះពួកគេបានចាប់ផ្តើមចាកចេញជាបណ្តើរៗហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
កាលពីថ្ងៃពុធកន្លងទៅ ក្រោយសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់មេបក្សប្រឆាំងលោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡាស្របច្បាប់ លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន និងទុកពេលឱ្យមន្ត្រីទូតអាមេរិក ៧២ម៉ោងចាកចេញពីប្រទេស។ លើសពីនេះទៅទៀត លោក ម៉ាឌូរ៉ូ ក៏បានសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលវេណេស៊ុយអេឡាទាំងអស់ នៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ព្រមពេលជាមួយគ្នារដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានទាត់ចោលការបណ្ដេញមន្ត្រីអាមេរិករបស់លោក ម៉ាឌូរ៉ូ ដោយអះអាងថា ប្រធានាធិបតី វេណេស៊ុយអេឡារូបនេះ មិនមានអំណាចអ្វីក្នុងការសម្រេចចិត្តណាមួយទៀតនោះទេ ហើយថាមន្ត្រីទូតអាមេរិកដែលលោក ម៉ាឌូរ៉ូ បានទុកពេល ៧២ម៉ោងឱ្យចាកចេញពីប្រទេស ក៏មិនចាំបាច់គោរពតាមការចង្អុលបង្ហាញរបស់លោកនោះដែរ។
ប៉ុន្តែរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទើបក្រសួងការបរទេសអាមេរិក បានប្រកាសភ្លាមៗឱ្យមន្ត្រីទូតរបស់ខ្លួននៅក្នុងប្រទេស វេណេស៊ុយអេឡាដែលគ្មានការងារចាំបាច់ ចាកចេញពីប្រទេសមួយនេះ និងថែមទាំងបានផ្ដល់យោបល់ឱ្យពលរដ្ឋអាមេរិក ទំាងអស់ធ្វើដូចគ្នានេះដែរ។
គួរបញ្ជាក់ថា បើតាមអង្គការសង្គមស៊ីវិលក្នុងប្រទេសវេណេស៊ុយអេឡា មនុស្សយ៉ាងហោចណាស់ ១៤នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងលោក ម៉ាឌូរ៉ូ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ។ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពនៅតាមដងវិថីនានាក្នុងទីក្រុង ការ៉ាកាស់ហាក់ដូចជាស្ងប់ស្ងាត់បន្តិចឡើងវិញ ដោយសារតែប្រជាជនវេណេស៊ុយអេឡាខ្លះ នៅមានការស្ទាក់ស្ទើរចំពោះសកម្មភាព បន្ទាប់របស់លោក Guaido។ ពោលគឺពួកគេទំនងជាកំពុងគិតថា តើពួកគេគួរត្រូវពាំងគ្រាប់កាំភ្លើងដើម្បីធ្វើបាតុកម្មទម្លាក់លោក ម៉ាឌូរ៉ូ ដើម្បីលោក Guaido ដែរឬយ៉ាងណា៕