(បាងកក)៖ ប្រទេសថៃ​ នឹង​ក្លាយ​ជា​អ្នកទទួល​ផល​យ៉ាង​ច្រើន​ ពី​​ការ​កសាង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេសចិន និង​ជប៉ុន ក្នុង​ការ​អភិវឌ្ឍ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ដែល​បណ្តាល​មក​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​កាន់​តែ​ខ្លាំងក្លា​របស់​សហរដ្ឋអាមេរិក។ ប្រទេស​ចិន និង​ជប៉ុន ​បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ ក្នុង​ការ​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏​លើស​លប់​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក ដែល​បញ្ហា​នេះជំរុញ​ឱ្យ​​ប្រទេស​ទាំង​ពីរ ត្រូវ​បង្កើន​កិច្ចខិតខំប្រឹងប្រែងជាថ្មី​ដើម្បី​ស្វែងរកភាព​រីកចម្រើន​រៀង​ៗ​ខ្លួន។

«វេទិកា​កិច្ច​សហប្រតិបត្តិការ​ទីផ្សារ​ភាគី​ទីបី» ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ជា​​សញ្ញា​​​នៃ​កិច្ចព្រមព្រៀង​ផ្សេង​ៗ ស្តីពី​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ដទៃ​ផ្សេង​ទៀត។ យោង​តាម​ទីភ្នាក់ងារព័ត៌មានក្យូដូ បាន​ឱ្យ​ដឹង​ថា ក្នុងចំណោមកិច្ចព្រមព្រៀងនានា​ដែល​សម្រេច​បាន កិច្ចព្រមព្រៀង​របស់​ធនាគារ​ជប៉ុន ដើម្បី​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​គោលដៅ​បង្កើត​ក្រប​ខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ជាមួយធនាគារអភិវឌ្ឍន៍​ចិន បាន​ផ្តល់​ប្រាក់​កម្ចី​រួមគ្នា ក្នុង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​ភាគី​ទីបី។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ គឺ​កិច្ចព្រមព្រៀង​ជា​ច្រើន​បាន​ផ្តោត​លើ​ប្រទេស​ថៃ ​ក្នុង​រួម​ទាំង​គម្រោង​​លើក​កម្ពស់​ការ​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ នៅ​ក្នុងខេត្ត ជនបុរី ពាក់ព័ន្ធ​នឹង​វិស្វកម្ម JFE របស់​ក្រុមហ៊ុន ជប៉ុន និង​ចិន។ សូម​បញ្ជាក់​ថា ខេត្ត ជុនបុរី រួមជាមួយខេត្ត ឆាយ៉ងសៅ និង​រ៉ាយ៉ុង គឺជាតំបន់ដ៏សំខាន់មួយសម្រាប់​គម្រោង​ច្រកសេដ្ឋកិច្ចភាគខាងកើតរបស់ថៃ ដែល​ចំណាយ​ទឹកប្រាក់ចំនួន៤៥ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ខាងកើត។

គម្រោងនេះ​រួម​មានបណ្តាញផ្លូវរថភ្លើង​ល្បឿនលឿន ដើម្បីតភ្ជាប់​អាកាសយាន្តដ្ឋាន​សំខាន់ៗពីរ​​គឺ​អាកាសយាន្តដ្ឋាន​ដុនមឿង និងស៊ូវ៉ាណាបុម៊ី ក្នុង​រាជធានី​បាងកក ជាមួយ​អាកាសយាន្តដ្ឋាន​យូតាប៉ាវ ​ទីក្រុង ប៉ាតាយ៉ា ដែល​ជាផ្នែក​មួយ​នៃ​ផែនការអភិវឌ្ឍ​តំបន់​នេះ ទៅ​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​វិនិយោគ។

ជាមួយគ្នា​នេះ​ដែរ ប្រទេស​ថៃ ក៏​បាន​អនុម័ត​ច្បាប់ ដែល​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ទាក់ទាញការវិនិយោគបន្ថែមទៀត ដោយ​ផ្តល់​នូវ​ការ​កាត់​បន្ថយ​ពន្ធ សម្រាប់​វិនិយោគិន​ក្នុង​ច្រក​របៀងសេដ្ឋកិច្ច និង​អនុញ្ញាត​ឱ្យ​វិនិយោគិន​ទាំង​នោះ ជួលដី​ក្នុង​រយៈ​ពេល​រហូតដល់៩៩ឆ្នាំ​ថែម​ទៀត​ផង។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំង និងតូក្យូ ក្នុងការធ្វើវិនិយោគទុន​នៅក្នុងប្រទេស​ថៃ អាច​ឆ្លុះ​បញ្ចាំង​ពី​ភាព​មិនសប្បាយចិត្ត​​នៃ​ប្រទេសទាំងពីរ ​ចំពោះ​​នឹង​ភាព​មិន​ច្បាស់​លាស់​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រំា។

លោក បែន័ត ហាឌី ឆាត្រែន (Benoit Hardy-Chartrand) អ្នក​វិភាគ​បញ្ហា​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក ប្រចាំ​សកលវិទ្យាល័យ Tokyo បានឱ្យដឹងថា «ដោយសារ​កំណើន​ GDP ​របស់​ចិន កំពុង​ធ្លាក់ចុះ​ដោយសារសង្គ្រាមពាណិជ្ជកម្ម បូករួម​នឹង​ការផ្គត់ផ្គង់ជប៉ុនដែលត្រូវបានរំខានដោយ​ការ​ពន្ធ​របស់​រដ្ឋាភិបាលអាមេរិក ទើប​វា​ជា​ហេតុផលសម្រាប់​រដ្ឋាភិបាលក្រុងតូក្យូ និងប៉េកាំងដើម្បី​រក​ដំណោះស្រាយ​​ថ្មី​ឆ្លើយ​តប​បញ្ហា​នេះ។

ដោយឡែក​លោក យ៉ាស៊ូហ៊ីរ៉ូ ម៉ាសូដា (Yasuhiro Matsuda) សាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាជាន់ខ្ពស់​អំពី​តំបន់​អាស៊ី នៅ​សាកលវិទ្យាល័យ​តូក្យូ បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងប្រទេសទីបី អាចជួយប្រទេសទាំងពីរ បង្កើត​ទំនាក់ទំនង​ល្អ​ប្រសើរ ព្រមទាំង​ជួយ​ដល់​ប្រទេស ជប៉ុន ក្នុង​កាត់​បន្ថយ​ហានិភ័យ ដែល​ធ្វើ​ឱ្យ​បង​ធំ​អាមេរិក​ខឹង ដោយ​សារ​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេសចិន។

លោក Matsuda បាននិយាយថា ប្រទេសចិនចង់រួមបញ្ចូលប្រទេសជប៉ុន​ជាដៃ​គូ នៃគំនិតផ្តួចផ្តើម​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ ​ដែល​​កំពុង​ត្រូវ​បាន​រិះគន់​ដោយ​បណ្តា​ប្រទេសលោកខាងលិច​ជាច្រើន។ ដោយ​ឡែក​ប្រទេស ជប៉ុន ចង់រក្សាស្ថិរភាពទំនាក់ទំនង​ជាមួយប្រទេសចិន ដោយប្រើប្រាស់​អានុភាពសេដ្ឋកិច្ច តែ​មិន​ចង់​ឱ្យ​គេ​​ចោទ​ខ្លួន​ថា កំពុងសហការជាមួយ​ប្រទេសចិន​ដោយ​ផ្ទាល់​​នោះ​ទេ។ ហេតុនេះ កិច្ចសហ​ប្រតិបត្តិការ​នៅ​ក្នុង​គម្រោង​ប្រទេស​ទីបី គឺជា​យុទ្ធសាស្ត្រ​នៃការធ្វើសម្បទាន​ដ៏​ប្រសើរ​មួយ។ ដោយ​ប្រទេសថៃ​ត្រូវបានគេស្គាល់ថាជាមិត្តទាំង​ប្រទេសចិន និង​ជប៉ុន។ ប្រទេស​ថៃ ជាប្រទេស​សាកសម​បំផុតដើម្បី​លើក​កម្ពស់​គម្រោងរួមរវាងចិន - ជប៉ុន។

ប្រទេស ថៃឈរនៅ​ចំ​កណ្តាលនៃការវិនិយោគរបស់​ប្រទេស ជប៉ុននៅក្នុងតំបន់អាស៊ាន។ ការ​ធ្វើ​វិនិយោគ​របស់​ប្រទេស ជប៉ុន ក្នុង​ប្រទេស​នេះ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅនេះ មាន​តម្លៃ​សរុប ៤​ពាន់លានដុល្លារ​អាមេរិក។ ជាមួយគ្នានេះ ​ក្រុមហ៊ុន​ផលិត​រថយន្តធំ ៗ ដូចជាក្រុមហ៊ុនតូ Toyota Nissan និង Honda បានសាងសង់រោងចក្រនៅទីនោះ​ផងដែរ។
ប្រទេសចិនបានអញ្ជើញ​ប្រទេសជប៉ុន ​ចូលរួម​​គម្រោង​ខ្សែក្រវ៉ាត់​មួយ និងផ្លូវ​មួយ ខណៈ​ដែល លោក ស៊ីនហ្សូអាបេ កំពុង​បំពេញ​ទស្សនកិច្ច​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ទីក្រុង​ប៉េកាំង យ៉ាង​នេះ​ក្តី​​ប្រទេស ចិន និង​ជប៉ុន អាច​នឹង​មាន​ការ​យល់​ឃើញ​​ខុសគ្នា ហើយ​ក្រុមអ្នកវិភាគបានអះអាងថា ការវិនិយោគ​នេះអាច​ផ្តល់ឱ្យជប៉ុននូវយុទ្ធសាស្ត្រថ្មីមួយដើម្បី​ទប់ទល់​ឥទ្ធិពលរបស់ចិន​​ក្នុង​តំបន់។ «ការអភិវឌ្ឍ​រួមគ្នា​​ជាមួយ​​ប្រទេស ចិន អាច​វាយ​តម្លៃ​បាន​ថា ប្រទេសជប៉ុន កំពុងជួយ​ដោយ​ប្រយោល​ទៅលើ​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ ​តាមរយៈការអភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ​នៅ​ប្រទេសថៃ» នេះ​ជា​ការ​លើកឡើងរបស់​លោក Kotaro Tamura ជាអ្នកស្រាវជ្រាវ​អាស៊ី នៃវិទ្យាស្ថាន Milken និងជាអតីតលេខាធិការសភាទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធ​នៅប្រទេសជប៉ុន។

លោក លី ម្យ៉ុងវូ (Lee Myon-woo) អ្នក​ជំនាញ​កិច្ចការជប៉ុន និងជាអនុប្រធាននៃវិទ្យាស្ថាន Sejong នៅទីក្រុងសេអ៊ូល បាននិយាយថា «ប្រទេសជប៉ុន​ទំនង​ជាបាន​អនុម័ត​នូវ​យុទ្ធសាស្រ្តផ្សេងគ្នា ដើម្បី​ទប់​ទល់​ការពង្រីកឥទ្ធិពល​ជាឯកតោភាគីរបស់​ឥទ្ធិពលរបស់ប្រទេសចិន ទៅ​លើ​ប្រទេសថៃ និង​តំបន់អាស៊ីអាគ្នេយ៍​ទាំង​មូល ដោយ​សហការ​គ្នា​​​អនុវត្ត​គម្រោង​រួម​​ជាមួយ​រដ្ឋាភិបាល ទីក្រុងប៉េកាំង។

ប៉ុន្តែ​ទោះបី​ជាជប៉ុនកំពុងចូលរួម​សហការ​យ៉ាងសកម្មជាមួយប្រទេសចិន សម្រាប់​ពេល​បច្ចុប្បន្ន​ក្តី ក៏​​គំនិត​ក្នុងការ​ប្រណាំង​ប្រជែង​​ពី​ធម្មជាតិ​រវាង​ប្រទេស​ទាំង​ពីរ​មិន​អាច​ប្រែប្រួល​បាន​ឡើយ។ តែ​អ្វី​ដែល​សំខាន់ភាគី​ទីបី​គឺ​ប្រទេស ថៃ នឹង​ទទួល​បាន​ផល​ចំណេញ​យ៉ាង​ក្រាស​ក្រែល​ពី​ការ​កសាង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ពេល​នេះ​៕