(វ៉ាស៊ីនតោន)៖ របាយការណ៍មួយរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានឱ្យដឹងថា កូរ៉េខាងជើងទំនងជានឹងមិនបោះចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ពីព្រោះវាគឺជាមធ្យោបាយដ៏សំខាន់ក្នុងការបន្តរស់រាន្ដមានជីវិត នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
នាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិអាមេរិក លោក ដេន ខូតស៍ (Dan Coats) បានបង្ហាញរបាយការណ៍មានចំណងជើងថា «ការវាយតម្លៃលើការគំរាមកំហែងនៅទូទាំងពិភពលោក» (The Worldwide Threat Assessment) ទៅកាន់ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ។ របាយការណ៍ដដែលបានសង្កត់ធ្ងន់ដូច្នេះថា «កូរ៉េខាងជើងទំនងជានឹងមិនបោះបង់ចោលការផលិត និងការស្ដុកទុក អាវុធនុយក្លេអ៊ែរទាំងស្រុងនោះទេ ខណៈខ្លួនកំពុងព្យាយាមចរចា រំសាយអាវុធនុយក្លេអ៊ែរមួយផ្នែក ដើម្បីទទួលបានសម្បទានពីសហរដ្ឋអាមេរិក និងអន្តរជាតិ។
លើសពីនេះទៅទៀត របាយការណ៍នេះក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នអ៊ីរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរឡើយ តែអ្វីដែលសំខាន់គឺការគំរាមកំហែងពីរុស្ស៊ី និងចិន កំពុងកើនឡើងនៅក្នុងបរិបទដែលប្រទេសទាំង ០២នេះ ត្រូវបានគេសង្ស័យថា នឹងលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក នៅឆ្នាំ២០២០ខាងមុខ។
គួរបញ្ជាក់ថា របាយការណ៍ខាងលើត្រូវបានចេញផ្សាយ នៅចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងជួបគ្នាជាថ្មីម្ដងទៀតក្នុងកិច្ចប្រជុំកំពូលជាលើកទី ២ នៅខែកុម្ភៈក្រោយនេះ៕