(វ៉ាស៊ីនតោន)៖ តំណាងរាស្ត្រ​អាមេរិកមកពីគណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ នឹងអនុម័តលើ​ដំណោះស្រាយថ្មី​មួយទៀត នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលា​នៅវ៉ាស៊ីនតោន) ដើម្បីបញ្ឈប់​សហរដ្ឋអាមេរិកក្នុងការចូលរួម​ធ្វើសង្រ្គាម​បង្ហូរឈាម​នៅ​ប្រទេស​យ៉េមែន។ នេះបើតាម​​ការិយាល័យ​លោក ប៊ែនី សេនដឺស៍ (Bernie Sanders) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

ការិយាល័យ​សមាជិកព្រឹទ្ធសភា​អាមេរិក លោក Bernie Sanders បានឱ្យដឹង​ដូច្នេះថា «លោក Sanders និង​សមាជិកព្រឹទ្ធសភា​អាមេរិកជាច្រើន​រូបទៀត នឹងធ្វើសន្និសីទ​សារព័ត៌មានមួយ​នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីប្រកាស​ពីការធ្វើបទ​បង្ហាញ ឡើងវិញ​ពីដំណោះស្រាយ​ថ្មីមួយទៀត សំដៅបិទបញ្ចប់ការចូលរួម និងការគំាទ្រ​របស់សហរដ្ឋអាមេរិក​ ដល់ប្រទេស​អារ៉ាប៊ីសាអូឌីត​ក្នុងសង្រ្គាម​យ៉េមែន»

គួរជម្រាបថា កាលពី​ខែធ្នូ ឆ្នាំ២០១៨ ព្រឹទ្ធសភាអាមេរិក​ក៏បានអនុម័តលើដំណោះស្រាយ​មួយផងដែរ ប៉ុន្តែតំណាងរាស្ត្រ​ខាងគណបក្ស​សាធារណរដ្ឋ ដែល​ពេលនោះ​កំពុងគ្រប់គ្រង​សភាអាមេរិក​បានរាំងខ្ទប់ដំណោះស្រាយនេះ។ ដោយឡែក​បច្ចុប្បន្នដោយសារតែ សភាតំណាងរាស្ត្រស្ថិត​ក្រោមគណបក្សប្រជាធិបតេយ្យ ទើបគណបក្សប្រជាធិបតេយ្យ​ចង់បានដំណោះស្រាយ​បែបនេះ​ជាថ្មី៕