(ឡាហាវ៉ាន់)៖ អ្នកជំនាញនយោបាយមួយចំនួន ប្រចាំនៅតំបន់អាមេរិកឡាទីនបានអះអាងថា ទង្វើដែលសហរដ្ឋអាមេរិកកំពុងតែធ្វើ ជាពិសេសការប៉ុនប៉ងផ្តួលរំលំរបបដឹកនាំនៃប្រទេសវេណេស៊ុយអេឡានោះ គឺជាការប្រើប្រាស់កណ្តាប់ដៃដែក ក្តោបក្តាប់យកតំបន់អាមេរិកឡាទីនទាំងមូលកាន់តែខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
ការព្រមានខាងលើនេះ ត្រូវធ្វើឡើងនៅក្នុងផ្នែកមួយនៃវេទិកាអន្តរជាតិលើកទី ៤ ស្តីពីតុល្យភាពពិភពលោក (Balance of the World) នៅក្នុងរដ្ឋធានីឡាហាវ៉ាន់ នៃប្រទេសគុយបាក្នុងសប្តាហ៍នេះ ដែលមានការចូលរួមពីបណ្តាអ្នកជំនាញ និស្សិត និងថ្នាក់ដឹកនាំសង្គមប្រមាណជាង ៦០០នាក់មកពីប្រទេសចំនួន ៦២។
នៅក្នុងនោះដែរលោក ហ៊ូហ្គោ ម៉ុលឌីស (Hugo Moldiz) អ្នកជំនាញល្បីឈ្មោះមកពីប្រទេសបូលីវី បានប្រាប់សារព័ត៌មាន ស៊ីនហួរ យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកកំពុងជម្រុញឲ្យមានរដ្ឋប្រហារក្នុងរូបភាពថ្មីៗ ហើយបច្ចុប្បន្នមុខព្រួញរបស់អាមេរិក គឺវេណេស៊ុយអេឡា និងនីការ៉ាហ្គ័រ ហើយដោយឡែកប្រទេសបូលីវីផង អាចក្លាយជាទិសដៅបន្ទាប់»។ លោកក៏បានសង្កត់ធ្ងន់ទៀតថា អ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើ គឺការព្យាយាមធ្វើឲ្យអន្តរជាតិមើលឃើញរូបភាពលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាមេដឹកនាំផ្តាច់ការ ហើយទើបឈានដល់ការគម្រាមធ្វើអន្តរាគមន៍យោធា ដើម្បីផ្តួលរំលំលោកតែម្តង។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញផ្សេងទៀតនៅក្នុងកិច្ចប្រជុំ Balance of the World នោះក៏បានបញ្ចេញមតិយោបល់មិនសូវខុសគ្នាពីលោក Moldiz នោះដែរ ដោយពួកគេបានលើកឡើងថា មិនត្រឹមតែប្រទេសវេណេស៊ុយអេឡាប៉ុណ្ណោះទេ ដែលប្រឈមមុខនឹងហានិភ័យខ្លាំង សូម្បីតែតំបន់អាមេរិកឡាទីនទាំងមូល ក៏ប្រឈមមុខនឹងការគ្រប់គ្រងទាំងស្រុង ដោយឥទ្ធិពលសហរដ្ឋអាមេរិកផងដែរ។ ជាក់ស្តែងគឺប្រទេសជុំវិញវេណេស៊ុយអេឡាស្ទើរតែទាំងអស់ ជាពិសេសគឺកូឡុំប៊ី និងប្រេស៊ីលជាដើម សុទ្ធតែដើរតាមខ្សែញាក់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា ជាប្រធានាធិបតីស្តីទី៕