(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនាថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបង្កើតកិច្ចប្រឹងប្រែងសំដៅធានាឲ្យបានថា មហាអំណាចអាមេរិកនៅតែជាប្រទេសដែលឈានមុខគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យា AI ឬ Artificial Intelligence។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
បទបញ្ជាលើកកម្ពស់បច្ចេកវិទ្យានេះ ជំរុញឲ្យមានការខិតខំការពារឧត្តមភាពប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក ក្នុងវិស័យបច្ចេកវិទ្យា AI ប្រឆាំងនឹងគូប្រកួតប្រជែងយុទ្ធសាស្រ្តសំខាន់ៗ ក៏ដូចជាគូសត្រូវបរទេស ប៉ុន្តែមិនបានបញ្ជាក់ចំៗថាគូប្រជែងនិងគូសត្រូវទាំងនោះជាប្រទេសណាខ្លះឡើយ។ លោក ត្រាំ បាននិយាយថា «ការបន្តនាំមុខគេក្នុងវិស័យ Artificial Intelligence គឺជាមានសារសំខាន់ជាទីបំផុត ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចនិងការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក»។
គួរជម្រាបថា យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន បានសង្កត់ធ្ងន់ថា អាមេរិកមិនអាចអង្គុយនៅស្ងៀមទទេៗ ហើយសន្និដ្ឋានថាភាពជានាំមុខគេរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យានេះ ត្រូវបានធានាដោយឯកឯងឡើយ ខណៈប្រទេសជាច្រើនផ្សេងកំពុងតែមានការរីកចម្រើនខ្លាំងក្នុងវិស័យបច្ចេកវិទ្យា AI ដោយមិនអាចមើលរំលងបាននោះទេ៕