(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីនឹងពិចារណាដាក់ចេញច្បាប់ថ្មី ដើម្បីប្រឆាំងទប់ស្កាត់ចំពោះការជ្រៀតជ្រែកពីបរទេស ដែលមានគោលដៅចង់បង្កបញ្ហានិងបំផ្លិចបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៃប្រទេសសិង្ហបុរី។ នេះបើតាមសម្តីលោក Edwin Tong ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនីតិរដ្ឋនិងសុខាភិបាលសិង្ហបុរី ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Tong បានធ្វើការឡើងខាងលើជាការឆ្លើយតបចំពោះសំណួររបស់សមាជិកសភាសិង្ហបុរី លោកស្រី Cheng Li Hui ដែលបានចោទសួរនាយករដ្ឋមន្រ្តី លោក Lee Hsien Loong អំពីមេរៀនអ្វីខ្លះដែលសិង្ហបុរីអាចរៀនសូត្របានពីឧទាហរណ៍នៃករណីលូកដៃរបស់បរទេសនៅក្នុងដំណើរការបោះឆ្នោតក៏ដូចជាកិច្ចនយោបាយ ដែលបានកើតមានចំលើប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិកនិងបារាំងជាដើម ហើយតើវាមានភាពចាំបាច់ដែរឬទេ ក្នុងការដាក់ចេញច្បាប់ថ្មីៗ ឬក៏ពង្រឹងច្បាប់នានាដែលមានស្រាប់ ដើម្បីដោះស្រាយការគំរាមកំហែងនេះ។
លោក Edwin Tong បានលើកឡើងដូច្នេះថា «ក្នុងឆ្នាំនេះរដ្ឋាភិបាលនឹងធ្វើការពិចារណាបង្កើតច្បាប់ទាក់ទិននឹងបញ្ហានៃការផ្សព្វផ្សាយព័ត៌មានបំភ្លៃដោយចេតនាតាមបណ្តាញអ៊ីនធើណែត ក៏ដូចជាយុទ្ធនាការជះឥទ្ធិពលរបស់បរទេសដែលអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសយើង»។
ជុំវិញបញ្ហានៃការជ្រៀតជ្រែកពីបរទេស លោក Tong បានរម្លឹកថា សិង្ហបុរីធ្លាប់បានជួបបញ្ហានេះប៉ុន្មានដងមកហើយ តួយ៉ាងកាលពីទសវត្ស៍៧០ សារព័ត៌មានសិង្ហបុរីចំនួនពីរ បានទទួលសំណូកពីបរទេស ហើយព្យាយាមបំផ្លាញរដ្ឋាភិបាលរបស់ខ្លួន។ ករណីផ្សេងទៀត រួមមាន លោក Huang Jing ជាអតីតសាស្រ្តចារ្យនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ដែលត្រូវបានបណ្តេញចេញពីសិង្ហបុរី បន្ទាប់ពីត្រូវគេរកឃើញថា លោកបានដើរតួនាទីជាដៃជើងបម្រើឲ្យបរទេស ដើម្បីជះឥទ្ធិពលក្នុងប្រទេសសិង្ហបុរីជាដើម៕