(បាងកក)៖ អាជ្ញាធរនិយតករទូរគមនាគមន៍នៃប្រទេសថៃ នៅថ្ងៃអង្គារនេះ បានសម្រេចផ្អាកអាជ្ញាបណ្ណធ្វើប្រតិបត្តិការរបស់ប៉ុស្តិ៍ទូរទស្សន៍មួយ ដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីថៃធ្លាក់ពីអំណាច លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្រោមហេតុផលបញ្ហាសន្តិសុខជាតិ ស្របពេលដែលការបោះឆ្នោតសាកលនឹងប្រព្រឹត្តនាខែក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
គណៈកម្មការត្រួតពិនិត្យសេវាទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយជាតិថៃ (NBTC) បានឲ្យដឹងថា កម្មវិធីធំៗពីរបស់ប៉ុស្តិ៍ទូរទស្សន៍ Voice TV រួមមាន Tonight Thailand និង Wake Up News បានចែកចាយព័ត៌មានដែលបង្កឲ្យសាធារណជនមានការភ័ន្តច្រឡំ និងខ្វែងគំនិតគ្នា ក៏ប៉ុន្តែ ពុំមានការបញ្ជាក់លម្អិតច្បាស់ឡើយ។ ដោយសារតែហេតុនេះ NBTC បានសម្រេចផ្អាកអាជ្ញាបណ្ណធ្វើប្រតិបត្តិការរបស់ Voice TV សម្រាប់រយៈពេល១៥ថ្ងៃ ដើម្បីឲ្យប៉ុស្តិ៍ទូរទស្សន៍នេះកែខ្លួនឲ្យត្រឹមត្រូវ។
ប៉ុស្តិ៍ទូរទស្សន៍ Voice TV គឺជាកម្មសិទ្ធិរបស់កូនៗពីរនាក់របស់លោក ថាក់ស៊ីន ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅឆ្នាំ២០០៦ ហើយកំពុងរស់នៅឯក្រៅប្រទេសដោយការនិរទេសខ្លួន ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីរត់គេចការចោទប្រកាន់ពីបទពុករលួយ ដែលលោកបានអះអាងថា មានចេតនានយោបាយនៅពីខាងក្រោយ។
គួរជម្រាបថា ប៉ុស្តិ៍ទូរទស្សន៍ខាងលើកន្លងមកក៏ធ្លាប់ត្រូវបានបិទ០២ដងមកហើយផងដែរ ដោយលើកទីមួយនៅពីរថ្ងៃមុនរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលបានធ្វើឲ្យប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅឯក្រៅប្រទេសថៃដូចគ្នា ជ្រុះចេញពីកៅអីនាយករដ្ឋមន្រ្តី ហើយមួយលើកទៀតនៅឆ្នាំ២០១៧។ ចំណែកឯការបោះឆ្នោតសកល ដែលជាលើកដំបូងគិតចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ ទីបំផុតនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ៕