(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងថា លោកចង់ប្តូរឈ្មោះប្រទេសអាស៊ាននេះនៅថ្ងៃណាមួយទៅជា «Maharlika (មហាលីកា)» ដើម្បីលុបដានអាណានិគមកាលពីអតីតកាល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅយប់ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
គោលបំណងរបស់លោក ឌូតឺតេ គឺដូចទៅនឹងអតីតមេដឹកនាំផ្តាច់ការ លោក Ferdinand Marcos ដែរ ដែលបានហៅប្រទេសហ្វីលីពីនថា «Maharlika» ដែលភាសាក្នុងតំបន់មានន័យថា «អភិជនខ្ពង់ខ្ពស់» ខណៈអ្នកជំនាញមួយចំនួនបានអះអាងថា ពាក្យនេះតាមពិតបកប្រែខុស ដោយវាមានន័យត្រឹមតែជា «ជនសាមញ្ញដែលមានសិទ្ធិសេរីភាពប៉ុណ្ណោះ»។
ប្រទេសហ្វីលីពីន ដែលស្ថិតក្រោមអាណានិគមអេស៉្បាញជាង៣០០ឆ្នាំ ទទួលបានឈ្មោះថា «ហ្វីលីពីន» នេះ ពីព្រះនាមរបស់ស្តេច Philip (ហ្វីលីព) ទី២ នៃប្រទេសអេស៉្បាញ។ យ៉ាងណាមិញ ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Tito Sotto បានលើកឡើងថា បំណងរបស់លោក ឌូតឺតេ នឹងតម្រូវឲ្យមានការធ្វើវិនិសោធនរដ្ឋធម្មនុញ្ញ ហើយនឹងទាមទារឲ្យមានការកែសម្រួលជាច្រើន។
គួរជម្រាបថា លោក Marcos ដែលត្រូវបានទម្លាក់ចេញពីអំណាច ដោយការបះបោរមិនបង្ហូរឈាមមួយ កាលពីជាង០៣ទសវត្សរ៍កន្លងទៅ ជាបុគ្គលដំបូងគេដែលបានស្នើឡើងពីការប្តូរឈ្មោះប្រទេសទៅជា «Maharlika» ដើម្បីលើកកម្ពស់ចលនាជាតិនិយម បន្ទាប់ពីលោកបានដាក់ហ្វីលីពីននៅក្រោមច្បាប់អាជ្ញាសឹក៕