(វ៉ាស៊ីនតោន)៖ ក្រុមអ្នកចរចានៃសភាអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចៀសការបិទទ្វាររដ្ឋាភិបាលជាថ្មីម្តងទៀត ហើយក្នុងកិច្ចព្រមព្រៀងនោះមិនមានលុយ «៥.៧ពាន់លានដុល្លារ» ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានដើម្បីយកទៅសង់ជញ្ជាំងនៅព្រំដែនភាគខាងត្បូងឲ្យបានពេញលេញនោះឡើយ ប៉ុន្តែលុយជិត ១.៤ពាន់លានដុល្លារត្រូវបានយល់ព្រមប្រគល់ ដើម្បីដំឡើងរបងខណ្ឌចែកព្រំដែនបន្ថែមនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ជុំវិញដំណឹងខាងលើ លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនសប្បាយចិត្តនោះទេ តែលោកប្រធានាធិបតីអាមេរិកមិនបានបញ្ជាក់ថា តើលោកនឹងចុះហត្ថលេខា ឬក៏ទាត់ចោលកិច្ចព្រមព្រៀងនេះឡើយ ប៉ុន្តែលោកបញ្ជាក់ថា សេតវិមាននឹងបើកកិច្ចប្រជុំមួយ ដើម្បីជជែកអំពីបញ្ហានេះនាពេលក្រោយទៀត។
គួរបញ្ជាក់ថា កាលពីខែធ្នូកន្លងទៅ ដោយសារតែទាមទារមិនបានថវិកា ៥.៧ពាន់លានដុល្លារពីសភា ដើម្បីសាងសង់ជញ្ជាំងព្រំដែនដូចចិត្ត លោក ត្រាំ បានបង្កឲ្យមានការបិទទ្វាររដ្ឋាភិបាលយូរបំផុតក្នុងប្រវត្តិសាស្ត្រ (ជាង៣០ថ្ងៃ) ដែលទើបតែបញ្ចប់ទៅកាលពីខែមុន ក្រោមកញ្ចប់ថវិកាទ្រទ្រង់រដ្ឋាភិបាលជាបណ្តោះអាសន្នដែលនឹងផុតសុពលភាពនាថ្ងៃសុក្រសប្តាហ៍នេះហើយ។
ដូច្នេះហើយ ទាំងសភាតំណាងរាស្រ្ត (រដ្ឋសភា និងព្រឹទ្ធសភាអាមេរិក ត្រូវតែអនុម័តសេចក្តីព្រាងថវិកាថ្មី ហើយលោក ត្រាំ ត្រូវផ្តល់ការចុះហត្ថលេខាដើម្បីបញ្ចៀសការបិទទ្វាររដ្ឋាភិបាលជាថ្មីម្តងទៀត។ តាមរយៈកិច្ចព្រមព្រៀងខាងលើ សភាអាមេរិកបានឯកភាពគ្នាផ្តល់ថវិកា ដើម្បីទ្រទ្រង់រដ្ឋាភិបាលដល់ចុងខែកញ្ញា ព្រមទាំងលុយ ១.៣៧ពាន់លានដុល្លារ ដើម្បីសង់របងព្រំដែនបន្ថែមប្រវែងជិត ៩០គីឡូម៉ែត្រនៅតំបន់ រីយ៉ូ ហ្គ្រេន វ៉ាល់ឡេយ៍ (Rio Grande Valley) ក្នុងរដ្ឋតិចសាស់៕